(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីសម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កំពង់ផែពហុបំណងដែលបាន កសាងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ គិតជាទឹកប្រាក់ប្រមាណ ៧៤លានដុល្លារអាមេរិក។ កំពង់ផែនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបំរើ និងឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំង ឆ្លងកាត់ទំនិញដែលកើនឡើងកាន់តែច្រើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំឥតឈប់ឈរ។

ចំណតផែពហុបំណង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ រួមមាន ចំណតផែទំនិញរាយប្រវែង៣៣០ ម៉ែត្រជម្រៅទឹក១៣.៥ម៉ែត្រ, ចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្តុភារ សម្រាប់ការរុករកប្រេងប្រវែង២០០ម៉ែត្រ ជម្រៅទឹក៧.៥ម៉ែត្រ និងការផ្គត់ផ្គង់នាវាសណ្តោង (Tugboat) ក្រោមហិរញ្ញប្បទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ៧៤លានដុល្លារពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែពហុបំណង កំពង់ផែក្រុងព្រះសីហនុ រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលសម្រាប់ ទទួលបន្ទុកលើការបង់ពន្ធ និងអាករផ្សេងៗ។

ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកចូលរួម ក្នុងពិធីសម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ចំណតផែនេះ គឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយ ដ៏សំខាន់សម្រាប់ដោះដូរផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារពិភពលោក ដោយបានតភ្ជាប់ទៅនឹងផ្លូវជាតិលេខ២, លេខ៣, និង លេខ៤ ព្រមទាំងផ្លូវរថភ្លើង និងជាពិសេសផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានរំលឹកថា កាលមុនកំពង់ផែក្រុងព្រះសីហនុនេះដឹកទំនិញបានត្រឹមតែ១ម៉ឺនតោនតែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះកំពង់ផែអាចដឹកទំនិញបានរហូតដល់ទៅ ៥ម៉ឺនតោន ដែលមានជម្រៅទឹករហូតទៅ១៤ម៉ែត្រ។ ការបង្កើតចំណតកំពង់ផែនេះ គឺកើតឡើងបន្ទាប់មានការចុះហត្ថលេខារវាង សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការការអភិវឌ្ឍក្នុងកំពង់ផែនេះ លើគម្រោងទឹកប្រាក់ប្រមាណ២០៣លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ចាប់ពីពេលនេះតទៅកប៉ាល់ត្រឹម៥ម៉ឺនតោនចុះក្រោម អាចនឹងចូលមកដល់កំពង់ផែនេះតែម្តង ដោយគ្មានការចាំបាច់ដើម្បីនឹងការផ្ទេរទំនិញដូចមុននោះទេ ដល់ឆ្នាំបន្ទាប់ពីការអភិវឌ្ឍន៍ដំណើរការនៃការសាងសង់កំពុងផែបន្ថែម យើងក៏ត្រូវធ្វើឲ្យជម្រៅទឹករបស់យើង កើនថែមមួយម៉ែត្រទៀត ពី១៣.៥ម៉ែត្រ ទៅដល់១៤.៥ម៉ែត្រ ដែលអាចឲ្យកប៉ាលធំជាងបានចូលមកដល់។ ប៉ុន្តែខ្ញុំនៅតែប្រមើលមើលឃើញថា វានៅមិនទាន់គ្រប់គ្រាន់ទេ ដើម្បីឆ្លើយតបជាមួយនឹងការដឹកជញ្ជូន ក្នុងកម្រិតដែលមិនត្រូវលើកដាក់ តាមរយៈកំពង់ផែនៃប្រទេសដទៃ ដែលមានជម្រៅទឹកជ្រៅជាងយើង។ ដូច្នេះដំណាក់កាលទី៦នេះ មិនមែនជាដំណាក់កាលចុងក្រោយទេ ប៉ុន្តែយើងក៏អាចធ្វើការសិក្សា ជាពិសេស JICA ក៏នឹងទទួលការសិក្សាបន្តជាមួយយើងបន្តទៀត ដើម្បីពង្រីកសមត្ថភាព​ នៃការដឹកជញ្ជូនតាមច្រកកំពង់ផែទឹកជ្រៅរបស់យើងនេះ»

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍រំលឹកពីគុណបំណាច់ ដ៏ធំធេងនៃសមិទ្ធផល ដែលជាស្នាព្រះហស្ថរបស់សម្តេចព្រះបរមតរនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គបានបន្សល់ទុកនូវ កំពង់ផែខេត្តព្រះសីហនុនេះ។

សម្តេចតេជោបានថ្លែងរំលឹកផងដែរថា ដោយសារសង្រ្គាមអំឡុងឆ្នាំ១៩៧០ កំពង់ផែនេះ ត្រូវបានទទួលរងនូវការបាត់បង់ខូចខាត ហើយផ្លូវរថភ្លើងមួយចំនួនក៏បានកាត់ផ្តាច់ផងដែរ។ នៅក្នុងសម័យប្រល័យពូជសាសន៍ ប៉ុល ពត កំពង់ផែនេះក៏ត្រូវបានបំផ្លិចបំផ្លាញជាបន្តបន្ទាប់។ ក្រោយមកដោយសារតែនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ បានប្រែក្លាយកំពង់ផែមួយនេះ មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដល់សព្វថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែទៀតថា មានការស្នើ​ និងទាមទារពីបុគ្គល និងក្រុមហ៊ុនមួយចំនួន ដើម្បីដាក់កំពង់ផែព្រះសីហនុនេះ ឲ្យនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន ប៉ុន្តែសម្តេចប្រឆាំងដាច់ខាត មិនយល់ស្របឡើយ ព្រោះជាកំពង់ផែរបស់រដ្ឋ ប្រសិនបើដាក់ឲ្យឯកជនគ្រប់គ្រង គឺអាចនឹងបាត់បង់ចំណូលយ៉ាងសន្ធឹកសន្ឋាប់សម្រាប់ជាតិ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងទៀតថា ការខិតខំថែរក្សាការពារកំពង់ផែមួយនេះ រហូតទទួលបានជោគជ័យ មកទល់សព្វថ្ងៃដែលកំពុងរកចំណូល ចូលប្រទេសជាតិបានយ៉ាងច្រើន។

សម្តេចតេជោបានរំលឹកថា ពីមុនកម្ពុជាបានប្រើប្រាស់សេវាពីខាងប្រទេសថៃក្នុងការរុករកប្រេង តែពេលនេះកម្ពុជាមានផែសម្រាប់បម្រើដល់ការរុកប្រេងនេះដោយខ្លួនឯងហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា បច្ចុប្បន្នផែស្វយ័តក្រុងព្រះសីហនុនេះ បានដាក់ចូលទីផ្សារភាគហ៊ុន ដែលការដាក់ចូលចូលទីផ្សារភាគហ៊ុននេះ បានក្លាយជាការផ្តល់ប្រភពទុនមួយទៀត សម្រាប់ការអភិវឌ្ឍកំពង់ផែ៕