(ភ្នំពេញ)៖ លោកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាពគ្រុប និងជាម្ចាស់វិមានលំហែ ទ្រីផាលែស ស្ម័គ្រចិត្តបង់ថ្លៃសេវាកម្មអេកូឡូស៉ីបរិស្ថាន ១ដុល្លារក្នុង១បន្ទប់នៃវិមានលំហែកាយរបស់លោក ដែលបើកបម្រើភ្ញៀវទេសចរ នៅក្រុងកែប ខេត្តកែប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

តាមសេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា លោកឧកញ៉ា ទ្រី ភាព នឹងចាប់ផ្តើមបង់ថ្លៃសេវាកម្មអេកូឡូស៉ីបរិស្ថាន១ដុល្លារអាមេរិក ក្នុងមួយថ្លៃបន្ទប់ស្នាក់នៅ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ តទៅ។ ចំពោះនីតិវិធីគ្រប់គ្រង និងប្រើប្រាស់ថវិកាខាងលើ នឹងត្រូវកំណត់ដោយប្រកាសរួមរវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលដៅចូលរួមពង្រឹង ប្រសិទ្ធភាពការងារគ្រប់គ្រងតំបន់ឧទ្យានជាតិកែប និងបរិស្ថានធម្មជាតិក្រុងកែប។

បើតាមក្រសួងបរិស្ថាន ការអភិវឌ្ឍអេកូទេសចរណ៍ធម្មជាតិនៅក្រុងកែប នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយទៀត ឆ្លើយតបទៅនឹងសក្តានុពល និងតម្រូវការនៃការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ ព្រមទាំងជំរុញពិពិធកម្ម ប៉ូលទេសចរណ៍នៅខេត្តកែប និងតំបន់ឆ្នេរសមុទ្រទាំងមូល តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមចំណែកបង្កើតនូវឱកាស ការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន៕