​(ប៉ៃលិន​)៖ នៅថ្ងៃទី​២៥ ខែមិថុនា​ ឆ្នាំ​២០១៨ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​និងជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអញ្ជើញ ប្រកាសតែងតាំងលោក ហុក សុផល និងលោក ហែម ឫទ្ធី ជាអភិបាលរងខេត្តប៉ៃលិន ខណៈលោក អ៊ុន​ ប៊ុនលី ត្រូវបានប្រកាសតែងតាំងជា​នាយក​រដ្ឋបាល​សាលាខេត្ត​​។

ពិធីប្រកាសតែងតាំងនេះ ក៏មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់លោក ផាន់ ចាន់ធុល​ អភិបាលខេត្ត​ប៉ៃលិន​ សមា​ជិ​ក្រុមប្រឹក្សា​ខេត្ត លោក​-​លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត លោក​អភិបាល​អភិបាលរង​ទាំង ក្រុង​-​ស្រុក លោក​មេឃុំ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធ​ទាំង៣អង្គភាព ចូលរួម​យ៉ាងច្រើន​កុះករផងដែរ​។

នៅក្នុងឱកាសនោះលោក សក់ សេដ្ឋា បានដាស់តឿនឱ្យលោកអភិបាលរងស្រុកទាំងពីរ ដែលទើបចូលកាន់មុខតំណែងថ្មី ត្រូវខិតខំរៀនសូត្រ នូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗផ្សេងទៀត ដើម្បីបង្កើននូវសមត្ថភាព ក្នុងការបំពេញបេសកកម្មបម្រើការងារ ជូនប្រជាពលរដ្ឋប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់នូវឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈជាមន្ត្រីរាជការ ដោយគោរពនូវតួនាទី ភារកិច្ចរបស់ខ្លួន។

លោក សក់ សេដ្ឋា បាន​ថ្លែង​ប្រាប់ទៅមន្ត្រីទើបតែតាំងថ្មី ត្រូវបន្ត​សហការជាមួយគ្នា ដើម្បី​ចូលរួម​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​សង្គមជាតិ ឱ្យ​មាន​ភាព​រីកចំរើន ព្រមទាំង​ជំរុញ​អនុវត្ត នូវ​កំណែ​ទំរង់​នានា នូវ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ព្រមទាំងមជ្ឈការ វិមជ្ឈការ វិ​សហ​ជ្ឈការ សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដោយ​កាត់បន្ថយ​ភាពក្រីក្រ ជុំ​វ​រុញ​ខិតខំ​បណ្ដុះបណ្ដាល​បង្កើន​ប្រសិទ្ធភាព ការផ្តល់​សេវាសាធារណ​: ដល់​ប្រជាពលរដ្ឋ​ ​ប្រកបដោយ​សមធម៌ យុត្តិធម៌ តម្លាភាព ដោះស្រាយ​សំណូមពរ​នានា របស់​ប្រជាជន លើកកម្ពស់​ការចូលរួម​ផ្ដល់​កិច្ចការ​គ្រប់​វិស័យ ស្របទៅនឹង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល។​

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ​ ក៏បានរំលឹកពីការ​ផ្លាស់ប្តូរ​ ជា​ចលនា​បដិវត្ត​ប្រើប្រាស់​ជា​ប្រជាជន ដើម្បី​ធ្វើការ​ប្រមូលផ្ដុំ តាម​ទីសាធារណ​នានា ដោយ​មិន​បង្ហូរឈាម ដើម្បី​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ស្របច្បាប់​ចុះចេញ​ពី​តំណែង។ ក្រោយមក​បក្ខពួក​ផ្ដួលរំលំ​នោះ នឹង​ឡើង​គ្រប់គ្រង​អំណាចមុខតំណែងវិញ​ម្ដង។ នេះ​ជា​ច​រិ​ក នៃ​ការផ្ដួលរំលំដូចជា​នៅ​​បណ្ដាប្រទេសមួយចំនួន៖ ​អ៊ុយ​ក្រែ​ន, អ៊ីរ៉ាក់, ស៊ី​រី, លី​ប៊ី ។​ល​។ សម្រាប់​ប្រទេស​យើង គឺមាន​គណបក្សនយោបាយ​មួយក្រុម​បាន​យក​ទម្រង់​ខាងលើនេះ​ប៉ុនប៉ង​បង្កើត ចលនា​នេះ កាលពី​ឆ្នាំ​២០១៥កន្លងមក ដើម្បី​ទាមទារឱ្យ​រាជរដ្ឋាភិបាល​ស្របច្បាប់​ចុះចេញ​ពីមុខ​តំណែង ដែល​កើតឡើង​ពី​ការបោះឆ្នោត។​

​ដូច្នេះលោកជំរុញ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឱ្យមាន​ការយល់​ជ្រាប​ពី​ចេតនា ប​ដិ​ប​ត្ត​ពណ៌របស់​គណបក្សនយោបាយ​មួយក្រុម​នេះ ព្រមទាំង​ពង្រឹង ការប្រុងប្រយ័ត្ន និង​ខិតខំ​ប្រឹងប្រែង​ថែ​ក្សា​សន្តិសុខ សន្តិភាព ការអភិវឌ្ឍ ស្ថិរភាព នយោបាយ ជូន​សង្គមជាតិឱ្យបានល្អ៕