(តាកែវ)៖ ខណៈដែលក្រុមបក្សនយោបាយមួយចំនួន ចាប់ផ្ដើមធ្វើការសន្យាខ្យល់ បោកប្រាស់ប្រជាពលរដ្ឋ ជាពិសេសពាក់ព័ន្ធទៅនឹងការសន្យារឿងសងប្រាក់ជំពាក់មីក្រូហិរញ្ញវត្ថុ ជំនួសប្រជាពលរដ្ឋនៅពេលពេលពួកគេឈ្នះឆ្នោតនោះ នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវគិតពិចារណាឲ្យបានច្បាស់លាស់ ពោលមិនត្រូវជឿការឃោសនាបោកប្រាស់របស់ក្រុមអ្នកនយោបាយសន្យាខ្យល់ទាំងអស់នេះទេ។

ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ភោធសមិទ្ធផលមួយចំនួន នៅក្នុងវត្តទូលរវៀង ដែលស្ថិតនៅក្នុងឃុំស្លា ស្រុកសំរោង ខេត្តតាកែវនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋជាង១ពាន់ ដែលបានចូលរួមនៅក្នុងពិធីនោះថា កន្លងមកមានក្រុមបក្សនយោបាយមួយចំនួន បានដើរបោកប្រាស់សន្យាខ្យល់ ជាមួយប្រជាពលរដ្ឋរឿងសងបំណុលនៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជំនួសប្រជាពលរដ្ឋដែលបានខ្ចី នៅពេលដែលបក្សរបស់គេឈ្នះឆ្នោត។ ការសន្យាបោកប្រាស់នេះ ត្រូវបានគេមើលឃើញថា មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន បានចាញ់ឧបាយកលសន្យាបោកប្រាស់របស់បក្សនយោបាយ ដោយនាំគ្នាបោះឆ្នោតឲ្យគេកាលពីបោះឆ្នោតឃុំសង្កាត់កន្លងមក។

នាយឧត្តមសេនីយ៍បានបន្តថា «គ្មានរដ្ឋាភិបាលណាមួយ អាចសងបំណុលជំនួសប្រជាពលរដ្ឋ ឬលប់បំណុលដែលពលរដ្ឋជំពាក់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាននោះទេ។ នេះជាការសន្យាបោកប្រាស់ ភូតកុហកប្រជាពលរដ្ឋ ដើម្បីកេងយកសន្លិកឆ្នោតតែប៉ុណ្ណោះ។ បញ្ហាប្រាក់កម្ចីនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានប្រឹងប្រែងជួយបងប្អូន ប្រជាពលរដ្ឋតាមរយៈធ្វើយ៉ាងណាបញ្ចុះអាត្រាកាប្រាក់ឲ្យនៅទាប និងបានជួយអន្តរាគមន៍ ទៅដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនឲ្យរឹបអូសទ្រព្យសម្បត្តិ ប្រជាពលរដ្ឋតាមរយៈសម្របសម្រួលឲ្យមានការសងជាបណ្ដើៗ»

នាយឧត្តមសេនីយ៍ បានបន្តថា «ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែបន្តកាន់អំណាចហើយសម្ដេចតេជោ ហ៊ុន សែន នៅតែកាន់តំណែងជានាយករដ្ឋមន្រ្តី យើងនឹងប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែរីកចម្រើនទ្វេឡើង ភាពរីកចម្រើន និងធ្វើឲ្យសេដ្ឋកិច្ចគ្រុសារបងប្អូនប្រជាពលរដ្ឋ ក៏កាន់តែធូធាជាងមុនជាក់ជាពុំខាន ហើយជាពិសេសទៅទៀតនោះ គណបក្សប្រជាជនកម្ពុជា នឹងរក្សាឲ្យបានជាដាច់ខាតនូវស្ថរិភាពនយោបាយ និងសន្តិភាពដែលជាស្នូល នៃការអភិវឌ្ឍន៍ និងភាពសុខសាសន្តរបស់ប្រចាពលរដ្ឋនៅទូទាំងប្រទេស»៕