(កោះកុង)៖ លោក ថុង ណារុង សមាជិកគណៈប្រចាំការអចិន្ត្រៃយ៍គណបក្សខេត្ត នឹងជាប្រធានក្រុមការងារខេត្តកោះកុង ចុះជួយស្រុកបូទុមសាគរ ខេត្តកោះកុង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុសូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា គឺបោះជូនគណបក្សប្រជាជនកម្ពុជា ​ដែលមានលេខរៀងជាសម្គាល់ទី២០ ដើម្បីទទួលបានការអភិវឌ្ឍ លើគ្រប់វិស័យ និងទទួលបានសុខសន្តិភាព។

លោក ថុង ណារុង បានថ្លែងបែបនេះ នៅក្នុងឱកាសលោកបានអញ្ជើញក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីចំនួន៤៦ នៅឃុំតានូន​ ស្រុកបូទុមសាគរ ខេត្តកោះកុង និងដឹកនាំលើកស្លាកគណបក្សថ្មី នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ។

លោក ថុង ណារុង បានថ្លែងយ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់ គ្នាជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងជាសម្គាល់ទី២០ ហើយបងប្អូនត្រូវស្វែងយល់ ឱ្យច្បាស់គណបក្សប្រជាជន គឺជាគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសយើងដែលមានភាពរីកចំរើនគ្រប់ភ្នែកវិស័យ មានសុខសន្តិភាព ស្ថិរភាពនឹងធនធានមនុស្ស មានការរីកចម្រើនទាំងអស់នេះហើយ គឺបានមកដោយតែសារតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាអ្នកដឹកនាំប្រទេស។ ដូច្នេះហើយសូមឱ្យប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា សម្រាប់អាណត្តិទី៦​ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ»។

លោកបានថ្លែងបន្តថា សូមបងប្អូនទាំងអស់កុំជឿសម្តី នៃការញុះញង់របស់ពួកក្បត់ជាតិដែលឱ្យបងប្អូនប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីសម្លេងបងប្អូន ហើយប្រទេសជាតិយើងមិនត្រូវការវិលវិញ នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសម្លាប់មនុស្សយ៉ាងសាហាវ ព្រៃផ្សៃ ឪពុកម្តាយកូនមិនស្គាល់គ្នា ហើយពួកក្បត់ជាតិទាំងនោះមិនបានមករួមរស់ជាមួយបងប្អូននោះទេ គឺមានតែគណបក្សប្រជាជនតែ១គត់ ដែលរស់នៅជាប់បងប្អូនមិនរត់ចោលបងប្អូន។ ហេតុដូច្នេះសូមបងប្អូនអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនទាំងអស់គ្នា ដើម្បីសន្តិភាពស្ថេរភាពនឹងអភិវឌ្ឍន៍ប្រទេសបន្តទៀត៕