(ក្រចេះ)៖ ដើម្បីរួមចំណែកការពារអត្តសញ្ញាណ ផលិតផលប្រពៃណី សំដៅធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់» ដែលជាផ្លែឈើហូបផ្លែធម្មជាតិដ៏ពេញនិយម មានឱជារសឆ្ងាញ់ពិសា និងកេរ្តិ៍ឈ្មោះល្បីល្បាញ តាំងពីសម័យសង្គមរាស្ត្រនិយម។

ការប្រកាសដាក់ឲ្យប្រើប្រាស់ ម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញ «ក្រូចថ្លុងកោះទ្រង់» ធ្វើឡើងក្រោមការចូលពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងមានការចូលរួម ពីតំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ពាណិជ្ជករ និងនិស្សិតប្រមាណ ២០០នាក់។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងពី អត្ថប្រយោជន៍ នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលឧបករណ៍ទីផ្សាដ៏មានសក្តានុពល និងប្រសិទ្ធភាពខ្ពស់ ដើម្បីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច។ ការដាក់ឲ្យប្រើប្រាស់ម៉ាក សម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់» ថ្ងៃនេះ នឹងជួយបង្កើនឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជនមូលដ្ឋាន ព្រមទាំងទាំងលើកកម្ពស់ វិស័យទេសចរណ៍ជាតិ ថែមទៀត។

លោក ប៉ាន សូរស័ក្ដិ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ខិតខំថែរក្សាបរិស្ថានធម្មជាតិ ហើយបន្តគោរព និងអនុវត្តន៍តាមសៀវភៅបន្ទុក ក្រូចថ្លុងកោះទ្រង់ ដើម្បីទទួលបានសិទិ្ធ ប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់» សម្រាប់បិទលើផលិតផលរបស់ខ្លួន ដែលនឹងធានាបាននូវការបញ្ជាក់ប្រភពដើម រសជាតិ និងគុណភាព ជូនអ្នកបរិភោគ ក៏ដូចជាការជំរុញនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោក វ៉ា ថន ក៏បានលើកឡើង ពីសារៈសំខាន់នៃការបង្កើត សមាគមក្រូចថ្លុងកោះទ្រង់ដែលបានជួយ ទប់ស្កាត់ការក្លែងបន្លំអត្តសញ្ញាណ និងប្រភពដើមរបស់ ផលិតផលក្រូចថ្លុងកោះទ្រង់ ព្រមទាំងជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្តកាន់តែច្រើន នៅក្នុងខេត្តក្រចេះ ជាពិសេសទឹកដីកោះទ្រង់។

លោកអភិបាលខេត្ត ក៏បានសំណូមពរ ដល់ប្រជាកសិករ បង្កើនការដាំដំណាំក្រូចថ្លុង និងចូលរួមជាសមាជិកសមាគម អ្នកដាំក្រូចថ្លុងកោះទ្រង់ដើម្បីទទួលបាននូវបានអត្ថប្រយោជន៍ផ្សេងៗ សម្រាប់ខ្លួនឯង និងក្រុមគួសារ។

លោកស្រី Alexandra Grazioli តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានចាត់ទុកការចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់» ថ្ងៃនេះ ជាជោគជ័យមួយទៀត សម្រាប់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់កម្មវិស័យសិទ្ធិបញ្ញា ដើម្បីជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្សាភ្ជាប់ផលិតផល ប្រពៃណីទៅនឹងការគោរពបរិស្ថាន សម្រាប់ទុកជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។

សូមបញ្ជាក់ថា នៅលើកោះទ្រង់បច្ចុប្បន្ន មានប្រជាពលរដ្ឋដាំក្រូចថ្លុងសរុប៣៣១គ្រួសារ ដែលក្នុងនោះទើបតែបានចូល ជាសមាជិកសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ចំនួន១៥៥គ្រួសារ។ តាមរយៈសមាជិកភាពនេះ បានធ្វើឲ្យប្រជាកសិកររីករាយ ជាមួយទិន្នផលប្រចាំឆ្នាំយ៉ាងតិច១០០ផ្លែ ក្នុងមួយដើម ចេញពីដើមក្រូចថ្លុងចំនួន២,៤៧៤ដើម ក្នុងចំណោមដើមក្រូចថ្លុងសរុប ១៣,៧៩០ដើម។

ការប្រឹងប្រែងដាក់បញ្ចូល ផលិតផលក្រូចថ្លុងកោះទ្រង់ ឲ្យទៅជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់ពីកិច្ចប្រឹងប្រែងរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលជាសេនាធិការនៃក្រសួងពាណិជ្ជកម្ម និងការគាំទ្របច្ចេកទេស និងហិរញ្ញប្បទាន របស់អង្គការកម្មសិទិ្ធបញ្ញាពិភពលោក។ ហើយនេះ ចាត់ទុកជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងពាណិជ្ជកម្ម បន្ថែមពីលើសមិទ្ធផលជាច្រើន ដែលក្រសួងទទួលបាននាពេលកន្លងមក៕