(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា វិស័យអប់រំគឺជាវិស័យអាទិភាពទី១ របស់រាជរដ្ឋាភិបាលក្នុងចំណោម វិស័យអាទិភាពនានា នៅក្នុងគោលនយោបាយចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីកសាងធនធានមនុស្ស ប្រកបដោយគុណភាព និងការអភិវឌ្ឍ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកតំណាងសម្តេចតេជោ ហ៊ុន សែន ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សា៣៥ខ្នង និងផ្ទះសំណាក់របស់លោកគ្រូ អ្នកគ្រូចំនួន២៤ខ្នង មានចំនួន៧២បន្ទប់ នៅទូទាំង២២ រាជធានី-ខេត្តក្រុង ដែលជាជំនួយរបស់ក្រុមហ៊ុន «សាជីវកម្មវិនិយោគមីនសឺនចិន» (CMIG) និងមានការអញ្ជើញចូលរួមពី សំណាក់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងស្ថានចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវិទ្យាល័យបឹងប្រិយ៍ ឃុំពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងន័យនេះហើយដែលសម្តេចតេជោ ហ៊ុន​ សែន បានគិតគូរហើយមកដល់ខែមករា ឆ្នាំ២០១៨ សំណង់អគារសិក្សា ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុបទាំងអស់មានចំនួន៤២៤៤ខ្នង ស្មើនឹង២៥,៦២៨បន្ទប់ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ សិស្សានុសិស្សបានសិក្សារៀនសូត្រក្រោមសាលាប្រកបដោយសុវត្ថិភាព គុណភាព និងមានផាសុខភាពផងដែរ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមទៀតថា ក្នុងគំនិតផ្តួចផ្តើម «គម្រោងអគារសិក្សាផ្លូវសូត្រ» (Silk School Program) មិនគ្រាន់តែជួយដល់វិស័យអប់រំយ៉ាងច្រើននោះទេ តែក៏បានផ្តល់ជំនួយលើគ្រប់វិស័យដល់កម្ពុជា។ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធប្រវែងជិត៣,០០០គីឡូម៉ែត្រ ស្ពានចំនួន៧ ត្រូវបានសាងសង់រួចរាល់ដែលឆ្លងកាត់ទន្លេមេគង្គ និងទន្លេសាប ស្ពានទី៨ ពីស្ទឹងត្រង់ នៅខេត្តត្បូងឃ្មុំ (ខេត្តកំពង់ចាម) ដែលកំពុងសាងសង់ និងមានគម្រោងសាងសង់ស្ពានទី៩ ពីក្រចេះ ឆ្លងកាត់ទន្លេមេគង្គ ទៅខេត្តកំពង់ចាមនាពេលអនាគត។

ជំនួយរបស់ក្រុមហ៊ុនចិននេះ បានរួមចំណែកយ៉ាងសំខាន់ក្នុង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន» និង «ខ្សែក្រវ៉ាត់ និងផ្លូវ» ដែលជាគំនិតផ្តួចផ្តើម នៃនយោបាយឈ្នះ-ឈ្នះ របស់ប្រធានាធិបតីចិន ស៊ី ជិនពីន ក្នុងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងសាធារណរដ្ឋប្រជាមានិតចិន ជាមួយអាស៊ី អាហ្រ្វិច និងអឺរ៉ុប។ ការសាងសង់អាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប និងផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងព្រះសីហនុ បានបញ្ជាក់ច្បាស់នូវសារៈសំខាន់របស់ «ខ្សែក្រវ៉ាត់ និងផ្លូវ» សម្រាប់កម្ពុជា។

គិតត្រឹមឆ្នាំ២០១៧ រាជរដ្ឋាភិបាលចិន បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សរុប១២២៣នាក់។ ជំនួយរបស់ក្រុមហ៊ុន «សាជីវកម្មវិនិយោគមីនសឺនចិន» នេះ ក៏ស្ថិតនៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាងផងដែរ៕