(កំពត)៖ លោក ជាវ តាយ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធានគណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ខេត្តកំពត បានបានបន្តអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋទូទាំងខេត្ដ ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

លោក ជាវ តាយ បានអំពាវនាវបែបនេះ ក្នុងពិធី​ជួបសំណេះ​សំ​ណាលជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជនកម្ពុ​ជា មកពីក្រុងកំពត ប្រមាណ១០០នាក់ នៅរសៀលថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅទី​ស្នាក់ការ​គណបក្សប្រជាជនកម្ពុជាខេត្តកំពត។

លោក ជាវ តាយ បានលើកឡើងថា «កម្ពុជាសុខសប្បាយ និងរីកលូតលាស់ មកដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយមានការចូលរួម ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ដែលមានជំនឿ ទុកចិត្ត គាំទ្រឥតងាករេ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងប្រទេស រីកចម្រើនមកទល់សព្វថ្ងៃ»

លោកបានបន្តថា​ ក្រោម​ដំបូល ​នៃ​សុខសន្តិភាព ស្ថិរភាព​ជាតិ កំណើន​សេដ្ឋកិច្ចជាតិ​ មានការ​កើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុ​ជា មាន​ចក្ខុវិស័យ​វែងឆ្ងាយ គោលនយោបាយដឹកនាំ​ត្រឹមត្រូវបានប្រែក្លាយ​គោលនយោបាយ​ របស់គណបក្ស​ប្រជាជន​កម្ពុជា មកជា​គោលនយោបាយ​ របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ ជា​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​។​

​ជាមួយគ្នានេះលោក ជាវ តា​យ ក៏បាន​ក្រើន​រំលឹក​ដល់​ម​ន្រី្ត​គណបក្ស និង​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំចាញ់​ការ​ញុះញុង ​របស់​ជន​អតិ​មួយចំនួន​ ដែលមានបំណង​ចង់​បំផ្លាញ​ជាតិ។ លោក ក៏ស្នើឲ្យគ្រប់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាជួយសម្រួលឲ្យប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ទៅបោះឆ្នោតទាំងអស់គ្នា ដោយគ្មានការបំភិតបំភ័យ និងធានាសន្តិសុខ សុវត្ថិភាព បានល្អជូនពួកគាត់ និងសម្រួលរាល់ដល់បណ្តាគណបក្សនានា ឲ្យដំណើរការរបស់ខ្លួន បានទៅដោយរលូន ក្នុងសកម្មភាពយុទ្ធនាការ ក៏ដូច ជុំវិញពាក់ព័ន្ធការបោះឆ្នោតជិតចូលមកដល់ផងដែរ៕