(ភ្នំពេញ)៖ លោកស្រី Pauline TAMESIS អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ បានផ្ញើសារលិខិតអបអរសាទរដល់កម្ពុជា ដែលត្រូវបានជ្រើសតាំងនៅក្នុងស្ថាប័នជាន់ខ្ពស់របស់ អង្គការសហប្រជាជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

លោកស្រី Pauline TAMESIS បានលើកឡើងក្នុងលិខិតរបស់លោកស្រី «ក្នុងឋានៈជាតំណាងអង្គការសហប្រជាជាតិនៅកម្ពុជា ខ្ញុំសូមសម្តែងអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះឯកឧត្តម៖ ទីមួយ សំរាប់ការជ្រើសតាំងកម្ពុជាជាអនុប្រធានសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងទីពីរ សំរាប់តួនាទីជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ មានអាណត្តិមួយឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០១៩»។


លោកស្រី Pauline TAMESIS បានបន្តលើកឡើង «យើងខ្ញុំចាត់ទុកឱកាសទាំងពីរនេះ ជាកាលានុ-វត្តភាពដ៏សំខាន់ដើម្បីបង្ហាញឲ្យឃើញពីការដឹកនាំ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីសំរេចឲ្យបាននូវគោលដៅអាទិភាពនៃកិច្ចអភិវឌ្ឍជាតិ និងដើម្បីសំរេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល»

លោកស្រី Pauline TAMESIS បានគូសបញ្ជាក់បន្ថែម «ខ្ញុំសូមឆ្លៀតឱកាសនេះ សំដែងសារជាថ្មីជូនចំពោះឯកឧត្តម នូវការប្តេជ្ញារបស់អង្គការសហប្រជាជាតិនៅកម្ពុជា គាំទ្ររាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាជនកម្ពុជា ក្នុងការសំរេចបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសំរាប់ទាំងអស់គ្នា»

គួរកត់សំគាល់ថា ព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសតាំងជាអនុប្រធានសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ និងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨ ដោយសំលេងគាំទ្រ១៨៣ លើ១៨៨៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖