(ភ្នំពេញ)៖ សហភាពអឺរ៉ុប បានប្រកាសផ្តល់ជំនួយចំនួន៣,៥លានអឺរ៉ូ ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដើម្បីគាំទ្រដល់ដំណើរការរបស់ អ.វ.ត.ក សម្រាប់ឆ្នាំ២០១៨ ដែលក្នុងនោះ​ ទឹកប្រាក់ចំនួន២,២៥ លានអឺរ៉ូ នឹងផ្តល់ជូនភាគីអន្តរជាតិ និង១,២៥ លានអឺរ៉ូ នឹងផ្តល់ជូនភាគីជាតិ។

តាមសេចក្តីជូនដំណឹងរបស់ សាលាក្តីខ្មែរក្រហមបានឲ្យដឹងថា សហភាពអឺរ៉ុបគឺជាម្ចាស់ជំនួយធំមួយក្នុងចំណោមម្ចាស់ជំនួយធំៗបំផុតរបស់ អ.វ.ត.ក ហើយការផ្តល់ជំនួយចុងក្រោយនេះ ធ្វើឲ្យជំនួយហិរញ្ញវត្ថុដែលសហភាពអឺរ៉ុបបានផ្តល់ដល់ អ.វ.ត.ក មានចំនួនសរុប ២២,៧០ លានអឺរ៉ូ ចាប់ពីសាលាក្តីខ្មែរក្រហម ចាប់បដិសន្ធិនៅឆ្នាំ ២០០៦មក។

នៅក្នុងឆ្នាំ២០១៨ នេះដែរ ភាគីជាតិនៃសាលាក្តីខ្មែរក្រហមបានទទួលជំនួយថវិកាពីរាជរដ្ឋាភិបាលអាល្លឺម៉ង់ ថវិកាចំនួន៨ម៉ឺនដុល្លារ និងប្រទេសឥណ្ឌាចំនួន ៥០០០០ដុល្លារ៕