(ព្រះវិហារ)៖ ប្រជាពលរដ្ឋចំនួន១០០នាក់ នៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានប្រកាសបញ្ចូលជាសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា (CPP) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក ច័ន្ទ សុភក្ត្រ័ា ប្រធានក្រុមការងារថ្នាក់ខេត្ត ​ចុះជួយស្រុកឆែប ព្រមទាំងប្រធាន អនុប្រធានគណបក្សស្រុក-ឃុំ និងក្រុមការងារ ចុះជួយស្រុកឆែប ជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ លោក ច័ន្ទ សុភក្ត្រ័ា បានស្វាគមន៍ ចំពោះ​​បងប្អូនប្រជាពលរដ្ឋ ដែលបានគិតត្រូវសុំមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានោះផងដែរ លោកក៏បាននាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ជូនចំពោះបងប្អូនសមាជិកថ្មី ទាំង១០០នាក់ផងដែរ។

លោក ច័ន្ទ សុភក្ត្រ័ា ថា ការប្រកាសចូលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺដើម្បីយើងរួមគ្នាកសាងប្រទេសជាតិ ឲ្យកាន់តែអភិវឌ្ឍន៍រីកចំរើនថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

លោក ច័ន្ទ សុភក្ត្រ័ា បា​នបន្តទៀតថា តាមពិត​បងប្អូនប្រពលរដ្ឋទាំង១០០នាក់នេះ ពីមុនគាត់មិនទាន់បានសម្រេចចិត្ត ចូលគណបក្សណាទេ តែដោយកន្លងមកគាត់ឃើញបងប្អូន ក្នុងភូមិចាញ់បោក ការសន្យាបោកប្រាស់ របស់គណបក្សប្រឆាំងថា បើគេឈ្នះឆ្នោតឧបត្ថម្ភ ក្នុងមួយឃុំថវិកា៥០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ហើយចំពោះចាស់ជរាក្នុងម្នាក់ៗ ឧបត្ថម្ភថវិកា​៤ម៉ឺនរៀល ក្នុងមួយខែនោះ។​ ចំណុចនេះ​ហើយ ធ្វើឲ្យពួកគាត់ខ្លះជឿតាម ដោយមិនបានពិចារណា លុះដល់គណបក្សនេះ ត្រូវបានរំលាយដោយច្បាប់ ទើបពួកគាត់ភ្ញាក់ខ្លួនថាចាញ់បោក ដោយអ្នកខ្លះអស់ទ្រព្យសម្បត្តិក៏មាន ដោយឃើញបងប្អូន ក្នុងភូមិមានបញ្ហានេះហើយ ទើបបងប្អូនទាំង១០០នាក់ គាត់សុំមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ព្រោះក្រៅពីគណបក្សប្រជាជនកម្ពុជា គឺមិនមានគណបក្សណាដែលគួរឲ្យទុកចិត្ត និងបំរើប្រជាពលរដ្ឋ ដោយពិតប្រាកដនោះទេ។

លោក ច័ន្ទ សុភក្ត្រ័ា បានបញ្ជាក់ថា ការសុំមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា របស់បងប្អូនទាំង១០០នាក់ គឺជាការបន្ថែមកម្លាំង សម្រាប់ដណ្តើមជ័យជំនះ នៅថ្ងៃបោះឆ្នោត​ ខាងមុខនេះ ហើយលោក ក៏អំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួបរួមគ្នាដើម្បីកសាងប្រទេស ឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចំរើន ដោយអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ បោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសតទៅទៀត។

ប្រធានក្រុមការងារថ្នាក់ខេត្ត ​ចុះជួយស្រុកឆែប បានបញ្ជាក់ទៀតថា បើខ្មែររួបរួមគ្នា នោះខ្មែរខ្លាំង ដូច្នេះសូមកុំជឿតាមការញុះញុង របស់ជនអគតិមួយចំនួនតទៅទៀត ព្រោះគេស្គាល់ទុក្ខធុរៈ បងប្អូន គឺគេចង់បានសន្លឹកឆ្នោត បងប្អូនតែប៉ុណ្ណោះ ក្រៅពីរដូវបោះឆ្នោតគឺគេមិនមកក្បែរបងប្អូននោះទេ។ នៅក្នុងឱកាសនោះ លោកក៏បានពាំនាំនូវរបស់លោក អ៊ុន ចាន់ដា យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលបាន ចូលរួមផងដែរ៕