(បន្ទាយមានជ័យ)៖ លោកស្រី ហ៊ុន ម៉ាណា កូនស្រីសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ និងចែកជូនអំណោយថ្នាំពេទ្យ ដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋប្រមាណ ជិត៤ពាន់នាក់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន, លោក លី សារី អភិបាលរងខេត្ត, លោកឧត្តមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការស្តីទីកងពល តូចលេខ៥១, លោកឧត្តសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។ មុនពិធីពិនិត្យ និងព្យាបាលជំងឺ ក្រុមការងារ ក៏បានផ្តល់អាហារ និងភេសជ្ជៈ ផ្តល់ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ទទួលទានយ៉ាងឆ្ងាញ់ពិសាផងដែរ។

ក្នុងការពិនិត្យជំងឺដោយឥតគិតថ្លៃនេះ រួមមាន៖ វះកាត់ជំងឺតូច, ពិនិត្យរោគស្ត្រី, ជំងឺទូទៅសម្ភពអេកូសាស្ត្រ, ពិនិត្យ និងព្យាបាលធ្មេញ, ផ្តល់ថ្នាំទម្លាក់ដង្កូវពោះវៀន, និងអប់រំសុខភាពសហគមន៍ ជូនប្រជាពលរដ្ឋ ចំនួនជាង៤,០០០នាក់ ដែលរង់ចាំការពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងចែកជូនសម្ភារប្រើប្រាស់មួយចំនួន និងចែកជូនវ៉ែនតា ជូនលោកយាយ លោកតា រទេះរុញ សម្រាប់អតីតយុទ្ធជនពិការផងដែរ។

ថ្លែងនៅក្នុងពិធីនោះ លោកស្រី ហ៊ុន ម៉ាណា បានថ្លែងថា សកម្មភាពដែលកំពុងអនុវត្តនៅពេលនេះ គឺជាការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឲ្យក្រុមវេជ្ជសាស្ត្រ ចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ។

លោកស្រី ហ៊ុន ម៉ាណា បន្ដថា សកម្មភាពមនុស្សធម៌នេះ គឺជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើសេវាសុខាភិបាល បង្ខិតឲ្យនៅជិតប្រជាពលរដ្ឋ ដើម្បីសម្រាលទុក្ខលំបាកដល់ពួកគាត់។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព មានសេចក្តីរីករាយ ព្រមទាំងថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋជានិច្ច៕