(ក្រចេះ)៖ បុរសម្នាក់ ប្រើឧបករណ៍នេសាទឆក់ត្រីខុសបច្ចេកទេស ត្រូវឆក់ខ្លួនឯងស្លាប់យ៉ាងវេទនា។ ហេតុការណ៍នេះ កើតឡើងនៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅស្រែប៉ារ៉ាចម្ងាយ៦គីឡូមែត្រ ពីភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ពលរដ្ឋរស់នៅភូមិ ជាមួយជនរងគ្រោះ បានឲ្យដឹងថា បុរសដែលឆក់ខ្លួនឯងស្លាប់នោះ ឈ្មោះ ស្រី ខ្នឿន អាយុ៤០ឆ្នាំ បានធ្វើសកម្មភាពឆក់ត្រីដូចសព្វមួយដង ប៉ុន្តែជាអកុសល ត្រូវបានដុំឆក់ ឆ្លងចរន្តអគ្គិសនី ឆក់ខ្លួនឯងស្លាប់នៅនឹងកន្លែង។

តាមការបញ្ជាក់របស់ប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់បានចេញពីខ្ទមស្រែ ទៅឆក់ត្រីនៅអូរមួយឈ្មោះ អូរប៉ាវ៉ា នៅក្បែរជាប់នឹងស្រែរបស់គាត់ ស្រាប់តែពេលនោះ គាត់ក៏បានឃើញប្តីដួល គាត់ក៏រត់ទៅមើលឃើញប្តីត្រូវឆក់ស្លាប់ ដោយឧបករណ៍ឆក់ត្រីរបស់ខ្លួនឯង។

លោក ប៊ុនឈឿន អធិការនរគបាលស្រុកសំបូរ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន លោកបានបញ្ជាកម្លាំងប៉ុស្តិ៍រដ្ឋបាលក្បាលដំរី បានចុះទៅពិនិត្យសាកសពឃើញថា ជាករណីឆក់ពិតប្រាកដ ក៏បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃ។

ជាមួយគ្នានោះ លោកអធិការ ក៏អំពាវនាវដល់ពលរដ្ឋ ឲ្យឈប់ប្រើប្រាសឧបករណ៍ឆកត្រី ព្រោះប្រើឧបករណ៍ឆក់ត្រី ធ្វើឲ្យត្រីបាត់បង់ជាច្រើន ក្នុងការបន្តពូជ ហើយការឆក់ត្រីជាអំពើខុសច្បាប់ ចាប់បានត្រូវជាប់ទោស ហើយអាចបណ្ដាលឲ្យគ្រោះថ្នាក់ និងបាត់បងជីវិតទៀតផង៕