(ព្រះវិហារ)៖ ថ្លែងទៅកាន់លោកគ្រូ-អ្នកគ្រូ ទូទាំងស្រុករវៀង ខេត្តព្រះវិហារ ជាង៥០០នាក់ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជាខេត្ត បានអំពាវនាវឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវចូលរួមថែរក្សាសុខសន្តិភាព ឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍរីកចម្រើន និងអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ការថ្លែងជុំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូ ចំនួន៥៣៤នាក់ និងប្រកាសគណៈកម្មាធិការគណបក្សមូលដ្ឋានវិទ្យាល័យរវៀង និងវិទ្យាល័យភ្នំដែក ដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ឃុំ ស្រុក ជាច្រើនរូបទៀត។

លោក អ៊ុន ចាន់ដា បានលើកឡើងថា សុខសន្តិភាព ដែលកើតមានសព្វថ្ងៃនេះ នៅក្នុងប្រទេសកម្ពុជា រហូតមកដល់ពេលនេះ គឺកើតឡើងដោយលំបាកណាស់ កើតឡើងដោយការលះបង់ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់ទាំងស្រុងសង្គា្រមផ្ទៃក្នុងនៅកម្ពុជា។

លោកបានបញ្ជាក់ថា ករណីនេះ សូមលោកគ្រូ អ្នកគ្រូ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះ ឲ្យបានគង់វង្ស ដើម្បីឲ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍន៍ជាបន្តទៅទៀត។

អភិបាលខេត្តព្រះវិហារ បានបន្តទៀតថា ប្រទេសមួយដែលមានការអភិវឌ្ឍន៍ គឺត្រូវការនូវធនធានមនុស្ស ត្រូវការអ្នកចេះដឹង ដែលករណីនេះ សូមលោកគ្រូ អ្នកគ្រូ ត្រូវខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនសិស្ស ឲ្យក្លាយជាពលរដ្ឋ ល្អ ក្លាយជាសិស្សល្អ ចូលរួមកសាងសង្គមជាតិឲ្យរីកចំរើន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ហើយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយៗទៀត៕