(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានធ្វើឲ្យប្រជាពលរដ្ឋ បានសម្ដែងការសប្បាយចិត្ដយ៉ាងខ្លាំង ដែលលោកតែងតែយកចិត្ដទុកដាក់ ពង្រឹងសមត្ថភាពការងាររបស់គ្រូពេទ្យ ដើម្បីជួយលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋជាធំ ពិសេសបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដចុះជួយសង្កាត់ទឹកថ្លាជាញឹកញាប់ ជាមួយនឹងការបង្ខិតសេវាពិនិត្យព្យាបាលសុខភាពនេះ មកក្បែរផ្ទះរបស់ពួកគាត់តែម្ដង ។

ក្នុងនោះលោកអ៊ុស្រី លាភ ដែលកើតជំងឺបាយភ្នែក មកទទួលសេវាពិនិត្យព្យាបាលនោះ បាននិយាយថា «ខ្ញុំមើលមិនសូវឃើញទេ ជីវភាពក៏មិនធូរធារ ចឹងខ្ញុំគ្មានលុយច្រើនសម្រាប់ព្យាបាលជំងឺនោះទេ តែពេលដែលបង្ខិតសេវាសុខភាពមួយនេះ មកជិតផ្ទះខ្ញុំហើយ ថែមទាំងឥតយកប្រាក់ទៀត យើងខ្ញុំសប្បាយចិត្ដណាស់ និងសូមអរគុណដល់លោកគ្រូពេទ្យអ្នកគ្រូពេទ្យ ដែលបានយកចិត្ដទុកដាក់ ព្យាបាលពួកខ្ញុំ» ។

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថា្នក់ជាតិ នៃរាជរដ្ឋាភិបាល ចុះជួយខណ្ឌសែនសុខ បានថ្លែងថា «ការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ មកព្យាបាលប្រជាពលរដ្ឋ នៅសង្កាត់ទឹកថ្លា ដោយឥតគិតថ្លៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ គោលដៅចម្បង គឺដើម្បីផ្ដល់ភាពងាយស្រួល និងជួយកាត់បន្ថយភាពក្រីក្ររបស់បងប្អូនពូមីង តាយាយ និងក្មួយៗមួយផ្នែក ហើយយើងនឹងបន្ដចុះព្យាបាលដោយឥតគិតថ្លៃនេះបន្ដទៅទៀត។ ថ្ងៃនេះ យើងមានសេវាពិនិត្យព្យាបាលបងប្អូន ទាំងជំងឺជំងឺទូទៅ ជំងឺសើរស្បែក ជំងឺផ្លូវចិត្ដ ជំងឺមនុស្សចាស់ ត្រចៀក ច្រមុះ បំពង់ក ភ្នែក ជំងឺមាត់ធ្មេញ និងចែកវែនតាជាដើម »។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ក្នុងនាមយើងជាមន្ដ្រី លោកគ្រូ អ្នកគ្រូពេទ្យ ប្ដេជ្ញាបំពេញនូវកាតព្វកិច្ច ជាអ្នកបម្រើសេវាព្យាបាលជូនប្រជាពលរដ្ឋ ប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផ្ដល់សេវាមួយនេះឲ្យកាន់តែប្រសើរ ដូច្នេះ ប្រសិនបើបងប្អូនមានសុខភាពមិនសូវស្រួល សូមមកទទួលសេវាពិនិត្យ ២៤ម៉ោង/២៤ម៉ោង នៅតាមមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះលោកតា លោកយាយ ពូមីង បងប្អូនដែលនៅក្បែរ និងជិតផ្ទះ» ។

រដ្ឋមន្ត្រីបានថ្លែងទៀតថា នៅក្នុងរដូវភ្លៀងធ្លាក់នេះ ត្រូវបោសសម្អាត និងមានអនាម័យ ទំាងក្នុង និងជុំវិញលំនៅឋានដែលខ្លួនរស់នៅ ពិសេសលុបបំបាត់របស់ដែលអាចដក់ទឹកបាន ដូចជា សំបកកង់ឡាន ម៉ូតូ កង សំបកដូង និងសម្រាប់សំបកកំប៉ុងជាដើម ដោយមុននឹងបោះចោល ត្រូវដាក់វាយក្បាល និងបាតកំប៉ុង ដើម្បីកុំឲ្យដក់ទឹកបាន ដែលធ្វើឲ្យមានប្រភពកកើតនៃដង្កូវទឹក ក្លាយទៅជាមូសខ្លា ដែលជាភ្នាក់ងារចំលងជំងឺគ្រុនឈាម ដល់កូនចៅរបស់យើងទាំងកុមារ និងមនុស្សធំដូចគ្នា។លើសពីនោះ ពីក្រោកពីដំណេក ត្រូវងើបអង្គុយមួយសន្ទុះ ដើម្បីឲ្យសរសៃឈាមដើរបានស្រួល ទើបយើងងើបចេញពីគ្រែគេង ។

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយត្រូវបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលស្ថិតនៅលេខរៀងទី២០ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាបន្តទៀត ។

សូមជម្រាបថា ការពិនិត្យជំងឺនេះ មានជំងឺទូទៅ និងប្រពោធនកម្ម ៥០០ករណី, ជំងឺសើរស្បែក ១០២ ករណី, ជំងឺផ្លូវចិត្ត ៣៤ករណី, ជំងឺមាត់ធ្មេញ ២៨៨ ករណី, ជំងឺភ្នែក និងចែកវ៉ែនតា ៧០០ ករណី និងជំងឺត្រចៀក ច្រមុះ បំពង់ក ៧៧ ករណី សរុបទាំងអស់ ១,៧០១ករណី ៕