(ភ្នំពេញ)៖​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ លោក​ អូស្មាន ហាសាន់ បានដាស់តឿន​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមកុំជឿតាមការញុះញង់ បំបែកបំបាក់របស់ជនអគតិមួយមួយក្តាប់តូច ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពនៅកម្ពុជា និងសូមអំពាវនាវឲ្យពលរដ្ឋអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។

ការលើកឡើងយ៉ាងដូច្នេះ របស់លោក​ អូស្មាន ហាសាន់ ធ្វើឡើងក្នុង​ឱកាសអញ្ជើញជួបសំណេះសំណាល ក្រុមការងារចុះជួយបក្ស និងជាមួយសមាជិក សមាជិការគណបក្ស ប្រជាជនកម្ពុជាចំនួន​៥០០នាក់ មកពីសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។

លោក អូស្មាន ហាស្សាន់ បានថ្លែងយ៉ាងដូច្នេះថា «សូមឈប់ជឿក្រុមប្រឆាំងតទៅទៀត តើពួកគេបានធ្វើអ្វីខ្លះជូនជាតិ និងប្រជាពលរដ្ឋ ក្រៅពីការញុះញង់ បំបែកបំបាក់ បោកប្រាស់ឲ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​បច្ចុប្បន្ន។ ដើម្បីឆ្លើយតបទៅ នឹងអំពើល្អរបស់បក្សប្រជាជនកម្ពុជា សូមប្រជាពលរដ្ឋ​ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ពិសេស​បោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជា ដើម្បីមានឱកាសបម្រើជាតិ និងប្រជាពលរដ្ឋឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់អំពីប្រវត្តិសាស្រ្តខ្មែរកន្លងមកថា នៅក្នុងរបបមេដឹកនាំសម័យមុនៗ គឺបានធ្វើអ្វីៗ ដើម្បីតែផលប្រយោជន៍ និងអំណាចបក្សពួកខ្លួនប៉ុណ្ណោះ គឺមិនដែលធ្វើអ្វីដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋឡើយ គឺបានធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខវេទនា មិនដែលបានសុខម្តងណាឡើយ គឺស្គាល់តែសង្រ្គាម កាប់សម្លាប់ ព្រាត់ប្រាស់ជាបន្តបន្ទាប់។

បើតាមលោក អូស្មាន ហាស្សាន់ មានតែគណបក្ស​ប្រជាជនកម្ពុជាមួយគត់ ដែលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ពិសេសមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើអំពើល្អគ្រប់បែបយ៉ាង​តាមរយៈបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងបានកសាង អភិវឌ្ឍន៍ រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ រកសន្តិភាព ការពារសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋបានសុខសាន្តតទៅ ហើយ​ដោយសារមានសន្តិភាពនេះ ទើបប្រជាពលរដ្ឋ មានការជឿជាក់ និងគាំទ្រជាខ្លាំងដល់បក្សប្រជាជនកម្ពុជា បានដឹកនាំរាជរដ្ឋាភិបាល រយៈពេល៥អាណត្តិមកហើយ និងបន្តគាំទ្រនៅអណត្តិទី៦ ដែលនឹងត្រូវធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ​ឲ្យទទួលបានជោគជ័យ៕