(កណ្តាល)៖ លោក ដួង​ ហេង​ ប្រធានក្រុមការងារ ចុះជួយឃុំដើមឫស​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បាននាំយកអំណោយរបស់នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារ ចុះជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទៅចែកជូនប្រជាពលរដ្ឋជាង១ពាន់នាក់ ​នៅក្នុងឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នៅក្នុងឱកាសនោះ ក្រៅពីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជាង១ពាន់នាក់ នៅក្នុងឃុំដើមឫស លោក ដួង​ ហេង​ ក៏ទៅចុះជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធទាំងអស់ផងដែរ។

ជាមួយគ្នានោះ លោក ដួង​ ហេង​ ក៏បានផ្ដាំផ្ញើពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលជានិច្ចកាលលោក តែងតែគិតគូ យកចិត្តទុកដាក់ពី បញ្ហាជីវភាព និងសេចក្តីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា មានតែសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលតែងតែគិតគូរអំពីសុខទុក្ខ, ការលំបាក និងជីវភាពប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា និងតែងតែ នៅជាប់ជាប្រចាំ ជាមួយប្រជាជនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។

លោក ក៏បានអំពាវនាវប្រជាពលរដ្ឋ ដើម្បីរក្សាចង់បាននូវសន្ដិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។ លោក ក៏បានឲ្យប្រជាពលរដ្ឋ ធ្វើការរួមគ្នា ការពារការធ្វើបដិវត្ដន៍ពណ៌ ដែលប៉ុនប៉ងពីបក្សគណបក្សប្រឆាំង ដែលមានបរទេសនៅក្រោយខ្នង។

ទន្ទឹមគ្នានោះ លោក ដួង​ ហេង​ ក៏បានចាត់ទុកថា ការធ្វើបង្កកទ្រព្យសម្បត្ដិទណ្ឌកម្ម របស់សហរដ្ឋអាមេរិក មកលើនាយកឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង គឺជាព័ត៌មានខុសពីការពិត ខណៈដែលនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង មិនមានទ្រព្យសម្បត្ដិសូម្បីមួយសេន នៅក្នុងសហរដ្ឋអាមេរិកនោះឡើយ។

ក្រៅពីការជួបសំណេះសំណាល លោក ដួង​ ហេង​ ក៏បានចុះទៅដោះស្រាយ បញ្ហាប្រឈមមួយចំនួន ជាមួយអាជ្ញាធរមូលដ្ឋាន ជូនប្រជាពលរដ្ឋជាក់ស្ដែង បន្ទាប់មកក៏បាន នាំយកអំណោចទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ជនពិការ នៅតាមខ្នងផ្ទះ និងអំពាវនាវឲ្យទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះផងដែរ៕