(ភ្នំពេញ)៖ ស្ត្រីម្នាក់ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅ តុលាការក្រុងភ្នំពេញ ពាក់ព័ន្ធ ករណីជំពាក់បំណុលគេ ជាង២លានដុល្លារ។

បើតាមសមត្ថកិច្ច ជនសង្ស័យ មានឈ្មោះ លី គឹមហួង ភេទស្រី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ តាមដីការបស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿង លុយ ចំនួន ២,៦៦០,៩៦០ដុល្លារសហរដ្ឋអាមេរិក។

តាមការលើកឡើង របស់លោកមេធាវី ជា ភារ៉ា បានបញ្ជាក់ថា ករណី ដែលសមត្ថកិច្ចឃាត់ខ្លួន កូនក្តីរបស់លោក ឈ្មោះ តាំង គីមហួង បញ្ជូនទៅតុលាការ នេះ ជារឿងអយុត្តិធម៌ណាស់ ត្បិតករណីនេះ គឺរឿង រដ្ឋប្បវេណី ដែលផ្តើមចេញពីកិច្ចសន្យា ជំពាក់ប្រាក់ ដោយមានគូភាគី ទាំងសងខាងទទួលស្គាល់ និងមានលក្ខណៈផ្លូវច្បាប់ត្រឹមត្រូវ។

លោក មេធាវីរូបនេះ បានអះអាងថា បើទោះជា ករណី ជំពាក់ប្រាក់នេះ ផ្តើមចេញពី រឿងលេងតុងទីង ក៏ពិតមែន ប៉ុន្តែកូនក្តីលោក និងដើមបណ្តឹង បានធ្វើកិច្ចសន្យា ថ្មីមួយបញ្ជាក់អំពី ការជំពាក់ប្រាក់ ដូច្នេះ រឿងនេះ ជារឿងកិច្ចសន្យា មិនមែនជារឿងព្រហ្មទណ្ឌនោះទេ។

លោកមេធាវី សង្ឃឹមថា កូនក្តីលោកនឹងទទួលបានយុត្តិធម៌ ប្រសិនបើមិនមាន ការដាក់សម្ភាធលើតុលាការ ពីសំណាក់ដើមបណ្តឹង៕