(កណ្តាល)៖ លោក សេង ស៊ីណារិន អនុប្រធានគណៈពង្រឹងស្រុកកណ្តាលស្ទឹង និងជាប្រធានគណៈពង្រឹងឃុំអំពៅព្រៃ គណបក្ស​ប្រជាជន​កម្ពុជា បានដាស់តឿនឱ្យប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋាន កុំជឿតាមការញុះញង់ បំបែកបំបាក់របស់ជនអគតិមួយក្តាប់តូច ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពនៅកម្ពុជា។ ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យពលរដ្ឋ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។

លោក សេង ស៊ីណារិន បានអំពាវនាវបែបនេះ នៅថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨នេះ ក្នុងពិធី​ជួបសំណេះ​សំ​ណាល ជាមួយ​សមាជិក សមាជិកា​ គណបក្ស​ប្រជាជនកម្ពុ​ជា នៅឃុំអំពៅព្រៃ ចំនួន៣៦៧៥នាក់។ លោកបានថ្លែងថា​ ក្រោម​ដំបូលនៃ​សន្តិភាព ស្ថិរភាព​ជាតិ កំណើន​សេដ្ឋកិច្ចជាតិ​ មានការ​កើនឡើងជា​បន្ត​បន្ទាប់ ដោយសារ​គណបក្សប្រជាជន​កម្ពុ​ជា មាន​ចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយដឹកនាំ​ត្រឹមត្រូវ បានប្រែក្លាយ​គោលនយោបាយ​ គណបក្ស​ប្រជាជនកម្ពុជា មកជា​គោលនយោបាយ​ របស់​រាជ​រដ្ឋាភិបាលក្រោម​ការដឹកនាំ​របស់​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា​។

​ជាមួយគ្នានេះដែរ លោក សេង ស៊ីណារិន ក៏បាន​ក្រើន​រំលឹក​ ដល់​ម​ន្ដ្រី​គណបក្ស និង​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ចាញ់​ការ​ញុះញុង ​របស់​ជន​អតិ​មួយចំនួន​ ដែលមានបំណង​ចង់​បំផ្លាញ​ជាតិ។

ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមនៅក្នុងការជួបសំណេះសំណាលនេះ បានប្តេជ្ញាចិត្តចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ទាំងអស់គ្នា ដើម្បីជ្រើសរើសមេដឹកនាំប្រកបដោយគតិបណ្ឌិត គឺពួកគាត់សន្យាថា នឹងបោះឆ្នោតជូនគណបក្សប្រជាជកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បន្តគ្រប់អាណត្តិទៀត។

ក្រុមប្រជាពលរដ្ឋ បានថ្លែងព្រមៗគ្នាថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានដឹកនាំនាវាកម្ពុជា ពីគំនរផេះផង់ និងមានកសាងប្រទេសជាតិពីបាតទទេរ រហូតឱ្យមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ បើក្រឡេកពីអតីតកាលវិញនៅក្នុងមូលដ្ឋានឃុំអំពៅព្រៃនេះ មានការលំបាកយ៉ាងខ្លាំង ទាំងផ្លូវធ្វើដំណើរ សាលា មន្ទីរពេទ្យ និងសេវាសាធារណៈផ្សេងមានការខ្វះខាតយ៉ាងខ្លាំងផងដែរ។

ទទ្ទឹមនឹងនេះ ប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងស្រុកកណ្តាលស្ទឹងទាំងមូល ដែលមាននាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាប្រធានគណៈពង្រឹងស្រុក និងលោក សេង ស៊ីណារិន ជាអនុប្រធាន ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងបានចុះមកជួបសាកសួរសុខទុក្ខពលរដ្ឋដល់ខ្នងផ្ទះយ៉ាងសស្រាកស្រាំ មិនខ្លាចភាពនឿយហត់ផងដែរ៕