(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់បណ្ណកម្មសិទ្ធិអចលនវត្ថុជូនដល់ ប្រជាពលរដ្ឋ ចំនួន៤០៧បណ្ណ ដែលកំពុងស្នាក់នៅក្នុងបុរីចំនួន២ គឺបុរីចំការល្មុត និងបុរីចំការស្វាយ នៃខណ្ឌច្បារអំពៅ សម្រាប់យកទៅប្រើប្រាស់ តាមតម្រូវការរបស់ពួកគាត់ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងបុរីចំការល្មុត ក្នុងភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា «ថ្ងៃនេះ ធ្វើការចែកជូនបណ្ណដល់ប្រជាពលរដ្ឋចំនួន៤០៧បណ្ណ ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តនៃយុទ្ធនាការចែកបណ្ណកម្មសិទ្ធិ ដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ដែលគាត់បានរស់នៅជិត១០ឆ្នាំមកហើយ»

លោក ឃួង ស្រេង បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ មានផលប្រយោជន៍២យ៉ាង ពោលគឺប្រជាពលរដ្ឋ ក៏បានផលប្រយោជន៍ច្រើន ហើយរដ្ឋក៏បានទទួលផលប្រយោជន៍ផងដែរ ព្រោះពេលប្រជាពលរដ្ឋមានលំនឹងពិតប្រាកដ ដោយមានផ្ទះនៅស្របច្បាប់ អាចយកទៅដាក់ធនាគារយកលុយមកប្រើប្រាស់បាន។

លោកបន្ថែមថា កន្លងមកមានប្រជាពលរដ្ឋមួយចំនួន មិនបានផ្ទេរកម្មសិទ្ធិស្របតាមច្បាប់ទេ គឺផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយទៀត ដោយមិនបានបង់ព័ន្ធប្រថាប់ត្រា ដោយមានខ្លះផ្ទេរបន្តគ្នា ពីមួយទៅមួយទៀត រហូតដល់៤នាក់ ទៅ៥នាក់បន្តគ្នា ហើយបើតាមច្បាប់ គឺត្រូវទៅបង់ព័ន្ធប្រថាប់ត្រានេះ តាមចំនួនដង។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសូរិយាដី បានលើកឡើងថា ប្រជាពលរដ្ឋដែលត្រូវបានទទួលបណ្ណកម្មសិទ្ធិ ទាំង៤០៧គ្រួសារ ឬខ្នងផ្ទះ ដោយប្រជាពលរដ្ឋ ត្រូវបង់ត្រឹមតែ៨ម៉ឺនរៀលប៉ុណ្ណោះ ទទួលបានប័ណ្ណ ពេលបានបណ្ណនេះហើយ អាចយកទៅផ្ទេរកម្មសិទ្ធិតែម្តង ហើយតម្លៃនៃការផ្ទេរនេះ ត្រឹមតែ៦០ម៉ឺនរៀល។

ចំពោះការបង់ពន្ធប្រថាប់ត្រា លើអចលនទ្រព្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចសម្រួលឲ្យប្រជាពលរដ្ឋ មកបង់ពន្ធត្រឹមតែម្តងលើកចុងក្រោយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ចំពោះការលើកលែងនេះ គឺមានសុពលភាពត្រឹមតែថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ប៉ុណ្ណោះ បើហួសពីពេលនេះទៅ គឺរដ្ឋាភិបាល នឹងអនុវត្តដដែល ដោយមិនមានការលើកលែងទៀតទេ៕