(កំពត)៖ លោក ជាវ តាយ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធានគណៈកម្មាធិការ​ គណបក្ស​ប្រជាជន​កម្ពុជា ​ខេត្តកំពត បានបន្តអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋទូទាំងខេត្ដ ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី២០ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

លោក ជាវ តាយ បានអំពាវនាវបែបនេះ ក្នុងពិធី​ជួបសំណេះ​សំ​ណាល ជាមួយ​សមាជិក សមាជិកា​ គណបក្ស​ប្រជាជនកម្ពុ​ជា នៅស្រុកបន្ទាយមាស និងស្រុកទឹកឈូ នាថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ នៅទី​ស្នាក់ការ​ គណបក្សប្រជាជនកម្ពុជា ទាំង២ស្រុកខាងលើ​ ប្រមាណ៨០០នាក់។

ឆ្លៀតក្នុងឱកាសនោះ លោក ជាវ តាយ បានថ្លែងថា​ ក្រោម​ដំបូលនៃ​សុខសន្តិភាព ស្ថិរភាព​ជាតិ កំណើន​សេដ្ឋកិច្ចជាតិ​ មានការ​កើនឡើងជា​បន្ត​បន្ទាប់ ដោយសារ​គណបក្សប្រជាជន​កម្ពុ​ជា មាន​ចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយដឹកនាំ​ត្រឹមត្រូវ បានប្រែក្លាយ​គោលនយោបាយ​ គណបក្ស​ប្រជាជនកម្ពុជា មកជា​គោលនយោបាយ​ របស់​រាជ​រដ្ឋាភិបាលក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា​។
​ជាមួយគ្នានេះដែរ លោក ជាវ តា​យ ក៏បាន​ក្រើន​រំលឹក​ ដល់​ម​ន្ដ្រី​គណបក្ស និង​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ចាញ់​ការ​ញុះញុង ​របស់​ជន​អតិ​មួយចំនួន​ ដែលមានបំណង​ចង់​បំផ្លាញ​ជាតិ៕