(កំពង់ធំ)៖ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារ បាននាំយកសម្ភារៈមួយចំនួនទៅចែកជូនដល់ប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយចំនួន២២១ គ្រួសារ មកពី៤ឃុំ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ។

លោក ញ៉ឹក បានខេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែបានយកចិត្តទុកដាក់ ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅគ្រប់ទិសទី ដែលស្របនឹងពាក្យថា «ទីណាដែលបងប្អូនជួបនូវទុក្ខលំបាក ទីនោះតែងតែមានការជូយឧបត្ថម្ភគាំទ្រពីអាជ្ញាធរក៏ដូចរាជរដ្ឋាភិបាលជានិច្ច»។ លោកបានបន្ថែមទៀតថា អំណោយទាំងអស់នេះបានមកពីការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច និងអតីតយុវនីតិសម្បទា ដើម្បីយកមកជួយដល់ប្រជាពលរដ្ឋ ដែលជួបរងគ្រោះដោយសារខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ និងចាស់ជរា ស្ត្រីមេម៉ាយ គ្មានទីពឹងជាដើម។

លោកបានបន្តទៀតថា ការចែកអំណោយទាំងអស់នេះ គឺមិនមានការប្រកាន់នូវនិន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនានោះឡើយ ហើយលោកបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព និងប្រុងប្រយ័ត្នពេលមានភ្លៀងផ្គរ រន្ទះ ព្រមទាំងចូលរួមអនុវត្តន៍ ភូមិ-ឃុំមានសុវត្ថិភាព ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ជាដើម។

ក្នុងនោះដែរ លោកអភិបាលរងខេត្តរូបនេះ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ កុំឲ្យជឿការឃោសនាបោកបញ្ឆោតរបស់ពួកប្រឆាំងមួយចំនួន ដែលតែងតែលើកឡើងបរិហាមកលើរាជរដ្ឋាភិបាល ក្នុងពេលខ្លួនឯងមិនដែលបានធ្វើអ្វីសោះ។ ផ្ទុយទៅវិញមានគំនិតចង់បំផ្លិចបំផ្លាញជាតិទាំងមូល ហើយមិនចង់ឲ្យប្រជាពលរដ្ឋរស់នៅបានសុខស្រួលនោះទេ។

ជាចុងក្រោយ លោក ញ៉ឹក បានខេង បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០។

សូមជម្រាបថា អំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ និងឃីត១កញ្ចប់ផងដែរ៕