(ភ្នំពេញ)៖ ដើម្បីវិនិយោគ ទៅលើវិស័យអ្វីមួយ ឲ្យដំណើរការទទួលបានជោគជ័យ វិនិយោគិនទាំងអស់ត្រូវសិក្សា ឲ្យបានច្បាស់អំពីវិស័យដែលគ្រោងនឹងវិនិយោគនោះ ព្រោះថាកាលណាដាក់ទុនទៅលើអ្វីមួយ ដែលមិនបានសិក្សាច្បាស់លាស់ នឹងធ្វើការវិនិយោគនេះស្នើនឹងសូន្យ មួយវិញទៀតគួរជ្រើសរើសក្រុមហ៊ុន ដែលមានការទទួលស្គាលពីក្រសួង ឬគណៈកម្មការមូលបត្រចុះបញ្ជីបានត្រឹមត្រូវ។ នេះបើតាមការលើឡើង របស់លោក Hawk Cheng ប្រធានទីប្រឹក្សាយោបល់ក្រុមហ៊ុន Golden FX Link Capital។

ថ្លែងក្នុងកម្មវិធី សិក្ខាសាលាស្តីពី «ភាពពិតអំពីការ វិនិយោគឧបករណ៍និស្សន្ទ» នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោក Hawk បានឲ្យដឹងថា ជាក់ស្ដែងដូចការវិនិយោគ ទៅលើឧបករណ៍និស្សន្ទ ដើម្បីវិនិយោគឲ្យបានត្រឹមត្រូវគឺត្រូវបង្កើតគោលដៅជាក់លាក់មួយ ដោយមាន​ជំហរច្បាស់លាស់ និងសិក្សាពីវិស័យជួញដូរឧបករណ៍និស្សន្ទនេះឲ្យច្បាស់។

លោកបន្ដទៀតថា ការបង្កើតគោលដៅវិនិយោគ មានភាពស្ថិតស្ថេរ ជាងក្តីសុបិន្ត ឬការបួងសួងរបស់បុគ្គលម្នាក់ៗ។ ក្រៅពីសមាសធាតុសំខាន់ៗដែលចាំបាច់ សម្រាប់ការជូញដូរ ការជ្រើសរើសក្រុមហ៊ុនឈ្មួញជើងសារ ដែលជាទីមានអាជ្ញាបណ្ណត្រឹមត្រូវ ក៏ជារឿងសំខាន់ដែល មិនអាចខ្វះបានដែរក្នុងការវិនិយោគ ដូច្នេះវិនិយោគិនទាំងអស់​ គួរជ្រើសរើស ឬវិនិយោគទៅលើក្រុមហ៊ុនណា ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ព្រមទាំងមានការទទួលស្គាល់ពីគណៈកម្មការមូលបត្រកម្ពុជា។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី «ភាពពិតអំពីការ វិនិយោគឧបករណ៍និស្សន្ទ» ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Golden FX Link Capital ដោយមានការទទួលស្គាល់យ៉ាងខ្លាំង ពីសំណាក់អ្នកចូលរួម នេះជាការចែករំលែកបទពិសោធន៍ ដ៏ល្អមួយពីសំណាក់អ្នកវិនិយោគិនបរទេស ក្នុងការចែករំលែកចំណេះដឹងនានា ពាក់ព័ន្ធនឹងការ វិនិយោគដល់ពលរដ្ឋកម្ពុជា គ្រប់រូបប្រកបដោយវិជ្ជាជីវៈ និងជាចំណេះដឹង ដ៏ល្អសម្រាប់វិនិយោគិនក្នុងវិស័យហិរញ្ញវត្ថុ៕