(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានពន្យល់កម្មករនិយោជិត និងនិយោជកទូទាំងស្រុកព្រៃឈរ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពមន្ត្រីរាជការ កម្មករនិយោជិត និងសារៈសំខាន់នៃសន្លឹកឆ្នោត ដើម្បីអនាគតរបស់ប្រទេសកម្ពុជា។

«សន្តិភាព គឺជាកត្តាសំខាន់សម្រាប់ទាក់ទាញការវិនិយោគពីបរទេស ដើម្បីនាំមកនូវប្រាក់ចំណូលជូនប្រជាជន និងប្រទេសជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ កម្មការិនី ចំនួន ១៧០ដុល្លារ ចាប់តាំងពីខែមករា ឆ្នាំ២០១៨ ដោយមិនទាន់បូកបញ្ចូលនយោបាយគាំពារសង្គមផ្នែកសុខភាព និងគោលនយោបាយពង្រីកប្រាក់សោធននិវត្តន៍នៅឡើយ។ នៅឆ្នាំ២០១៩ ប្រាក់ឈ្នួលអប្បរមានឹងខ្ពស់ជាង ១៧០ដុល្លារ»។

នេះគឺជាសាររបស់លោក ប៉ាន សូរស័ក្តិ ថ្លែងទៅកាន់អង្គពិធីនាឱកាសចូលរួមពិធីសំណេះសំណាលជាមួយកម្មករនិយោជិត និងនិយោជកទូទាំងស្រុកព្រៃឈរប្រមាណ ៤,០០០នាក់ ដែលបានរៀបចំឡើងនៅរោងចក្រសាន់ស៊ូហ្គាមិន ស្ថិតក្នុងភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ស្រុក និងឃុំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងក្រុមការងារថ្នាក់ជាតិ ជាច្រើនរូប។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យការងារជូនប្រជាជន តាមរយៈការពង្រាយរោងចក្រនៅតាមបណ្តាខេត្ត និងតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងបានពន្យល់កម្មករនិយោជិត និងនិយោជក ឲ្យចេះប្រើប្រាស់សន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីជ្រើសរើសគណបក្សនយោបាយដែលមានសមត្ថភាពពិតប្រាកដ ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកវិបុលសុខ និងវឌ្ឍនភាព នាពេលអនាគត។

«សន្លឹកឆ្នោតរបស់ក្មួយៗ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អនាគតប្រទេសជាតិ។ ដូច្នេះសូមក្មួយៗ គិតឲ្យច្បាស់ថា អ្នកណាជាអ្នកជួយក្មួយៗពិតប្រាកដ? អ្នកណាជាអ្នកអភិវឌ្ឍន៍ប្រទេស? ហើយអ្នកណាជាអ្នកធ្វើឲ្យប្រទេសមានសន្តិភាព និងជាអ្នកថែរក្សាសន្តិភាព? ចម្លើយគឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដូច្នេះសូមក្មួយៗសម្រេចចិត្តឲ្យបានត្រឹមត្រូវ»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

គួររំលឹកដែរថា តាមរយៈការបង្កើត និងដាក់ចេញនូវគោលនយោបាយគាំពារសង្គមផ្នែកសុខភាព និងគោលនយោបាយពង្រីកប្រាក់សោធននិវត្តន៍របស់រាជរដ្ឋាភិបាល បានធ្វើឲ្យកម្មករនិយោជិតទូទាំងប្រទេស ទទួលអត្ថប្រយោជន៍យ៉ាងច្រើនដូចជា៖ (១) ពុំមានការបង់ប្រាក់របបសន្តិសុខសង្គម [ម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%], (២) ទទួលបានការពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃ, (៣) កម្មការិនី មានសិទ្ធិឈប់សម្រាកមាតុភាពរយៈពេល ៣ខែ ដោយទទួលបានប្រាក់ឈ្នួល ១២០%, (៤) ក្នុងពេលសម្រាលកូន កម្មការិនីនឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាប់កូន ១នាក់, ៨០ម៉ឺនរៀល សម្រាប់កូនភ្លោះ ២នាក់ និង១លាន ២សែនរៀល សម្រាប់កូនភ្លោះចំនួន ៣នាក់ បូកនឹងប្រាក់រង្វាន់បន្ថែមពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៥លានរៀល និង (៥) ទទួលបានប្រាក់សោធននិវត្តន៍ពេញ ដូចគ្នានឹងមន្ត្រីរាជការ ចាប់ពីឆ្នាំ២០១៩ តទៅ៕