(ភ្នំពេញ)៖ លោក យូ ហុកគ្រី អនុប្រធានបក្សហ៊្វុស៊ិនប៉ិច បានលើកឡើងថា គណបក្សហ្វ៊ុនស៊ិនប៉ិចទាំងមូល ព្រមទទួលយក នូវរបាយការណ៍បឋមរបស់សមត្ថកិច្ច ប៉ុន្តែគណបក្ស នឹងរកមេធាវីដើម្បីចូលរួមស្រាវជ្រាវ លើករណីគ្រោះថ្នាក់ចររាចរណ៍ លើសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ដែលបានបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព។

ការលើកឡើងរបស់លោក យូ ហុកគ្រី បានធ្វើឡើងនៅក្នុងឱកាសដែលលោកតំណាងឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិច រៀបចំសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពទូទៅរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច» នៅបរិវេណវត្តបទុមវត្តី នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ។

មន្ត្រីជាន់ខ្ពស់គណបក្សរាជានិយមរូបនេះ បានថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំគិតថាយើងអត់បានចូលរួមក្នុងការស៊ើបអង្កេតទេ។ ដូច្នេះយើងសង្ឃឹមទៅលើការ យកចិត្តទុកដាក់របស់អាជ្ញាធរ បានសេចក្តីថា របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ដែលធ្វើការលើបញ្ហានេះ [......] ជាសេនាធិការ លទ្ធផលដែលបានទទួលមកនេះ យើងត្រូវតែទទួលយ៉ាងហោចណាស់ក៏បណ្តុះអាសន្នដែរ ទម្រាំរហូតដល់បញ្ហានេះ ធ្លាក់ទៅតាម ដើរតាមនីតិវិធី នៃច្បាប់ជាធរមាន ហើយយើងនឹងរៀបចំឱ្យមានមេធាវី ដើម្បីទៅធ្វើការជាមួយសមត្ថកិច្ច ដើម្បីឱ្យដឹងសំណុំរឿងតើយ៉ាងខ្លះ ព្រោះអីឡូវនេះ អត់ដែរបានឃើញសំណុំរឿងថាយ៉ាងម៉េចនោះទេ»

លោក យូ ហុកគ្រី បានបន្តថា ប៉ុន្តែអ្វីសមត្ថកិច្ចបានធ្វើកន្លងមកជារបាយការណ៍បឋម ដូច្នេះសម្រាប់រឿងបន្តទៀតអាស្រ័យទៅលើតុលាការ អញ្ចឹងគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងរៀបចំឱ្យមានក្រុមមេធាវីតាមដានលើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាព និងបណ្តាលឱ្យសម្តេចក្រុមព្រះ រងរបួសយ៉ាងដំណំ ត្រូវបានក្រុមព្រះញាតិវង្សបញ្ចូនទៅព្យាបាលព្រះរាជសុខភាព នៅទីក្រុងបាំងកក ប្រទេសថៃផងដែរ។

មន្រ្តីជាន់ខ្ពស់គណបក្សរូបនេះ បានបញ្ជាក់ថា មិនមែនគណបក្សមិនទទួលយករបាយការណ៍របស់សមត្ថកិច្ចនោះទេ ប៉ុន្តែដោយសារតែគណបក្ស គ្រាន់តែឮ គេនិយាយ និងមិនឃើញផ្ទាល់ភ្នែក ហើយមិនមែនគណបក្សទាត់ចោលនូវលទ្ធផល នៃរបាយការណ៍របស់សមត្ថកិច្ចនោះទេ ប៉ុន្តែដោយសារតែគណបក្សមិនទាន់បានចូលរួមសង្កេត។ ដូច្នេះហើយទើបគណបក្សទាំងមូលផ្តល់ការជឿទុកចិត្តបណ្តុះអាសន្នទៅលើរបាយការណ៍ របស់សមត្ថកិច្ចជាមុនសិន អញ្ចឹងហើយទើបគណបក្សត្រូវការរកមេធាវីឱ្យចូលរួមលើករណីនេះ ក៏ប៉ុន្តែដាក់ពាក្យបណ្តឹង គឺរងចាំការសម្រេចព្រះទ័យពីសម្តេចក្រុមព្រះ ជាមុនសិនផងដែរ។

សូមបញ្ជាក់ថា នាពេលកន្លងទៅ ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច បានទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកព្រៃនប់ ខេត្តព្រះសីហ​នុ ដែលបង្កឡើងដោយរថយន្តតាក់ស៊ី បុកក្បួនព្រះទីនាំងសម្តេចក្រុមព្រះ។

បន្ទាប់ពីមានការអំពាវនាវនេះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលបាលជាតិ ទទួលបន្ទុកការងារចរាចរណ៍ បានបញ្ជាក់ថា ករណីរថយន្តតាក់ស៊ី បុកព្រះទីនាំងសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីអាទិត្យកន្លងទៅ គឺជាគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ ដែលកើតឡើងដោយសារភាគីម្ខាងទៀត បើកបរដោយខ្វះការប្រុងប្រយ័ត្ន ផ្ទុកមនុស្សលើចំណុះ និងមានល្បឿនហួសកំណត់ ហើយករណីនេះទៀតសោត មិនមានជាឃាតកម្ម ដូចពាក្យចចាមអារ៉ាម នៅលើបណ្តាញសង្គម Facebook ឡើយ។

គួររំលឹកផងដែរថា សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុន ស៊ិនប៉ិច ​បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ចំណុចគីឡូម៉ែត្រលេខ២០០-២០១​ បណ្ដាលឱ្យព្រះអង្គរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ដ ​នៅឯប្រទេសថៃ ចំណែកអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណៈភាពក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ នៅខេត្តព្រះសីហនុ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក៕