(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ ប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយក្រុមការងារថ្នាក់ជាតិ​ ខេត្ត​ ក្រុង​ ស្រុក​ និងមូលដ្ឋានបានអញ្ជើញចូលជាអធិបតីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីឃុំគំរូ និងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅក្នុងបរិវេណផ្សារធំគំរូថ្មី ស្រុកថ្មពួក​ ដែលមានអ្នកចូលរួម ជាង៤០០០នាក់។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន​៖ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃកម្ពុជា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, សម្តេចក្រឡាហោម​ ស​ ខេង​ និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងបញ្ជាក់ថា «មានសន្តិភាព​ ទើបមានការអភិវឌ្ឍ​រីកចម្រើន​ និងប្រជាធិបតេយ្យ​, បើគ្មានសន្តិភាព​ កុំនិយាយពីការអភិវឌ្ឍ​រីកចម្រើន និងប្រជាធិបតេយ្យឲ្យសោះ​» ព្រោះគ្មានអ្វីកើតឡើងក្នុងភ្លើងសង្រ្គាមនោះ​ ដូចនេះសូមបងប្អូនចូលរួមថែរក្សានូវសន្តិភាព​ ដោយអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សញ្ញាទេវតាបាចផ្កា​ មានលំដាប់លេខរៀងទី២០ «ងាយចាំ ងាយគិត ងាយគូស» ដើម្បីសម្តេចតេជោ ហ៊ុន​ សែន​ បន្តដឹកនាំកម្ពុជាបន្តមានសន្តិភាព​ និងបន្តការអភិវឌ្ឍន៍កាន់តែរីកចម្រើនឆាប់រហ័សបន្ថែមទៀត​។

ជាវប្បធម៌ចែករំលែក​ និងគិតគូពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងស្រុកថ្មពួក នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បាននាំយកនូវអំណោយ និងថវិកា​ចែកជូន មាន​៖

ទី១៖ ជូនប្រជាពលរដ្ឋចំនួន៣៨៧៩នាក់ ម្នាក់ៗ​ ទទួលបានសារ៉ុង១
ទី៖ ជូនមនុស្សចាស់ពីអាយុ៧០ឆ្នាំឡើងនៅឃុំគំរូ និងឃុំថ្មពួកចំនួន១៧០នាក់ ម្នាក់ៗទទួលបាន៖ ថវិកា២ម៉ឺនរៀល​ សារ៉ុង១​ បំពង់ទឹកក្ដៅ១​ មី​ ពិល​ ទឹកដោះគោ​ប្រេងកូឡា ប្រេងខ្យល់ ស្ករស​ អំបិលអ៊ីយ៉ូត​តែ​ ប្រេងឆា​ កៅអៀក។ ល។
ទី៣៖ ជូនគណៈកម្មាធិការបក្សឃុំគំរូ និងឃុំថ្មពួក ថវិកា​១លានរៀល
ទី៤៖ ជូនមណ្ឌលសុខភាពថ្មពួក៥០ម៉ឺនរៀល៕