(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានសម្ដែងនូវការអបអរសាទរចំពោះការសម្ភោធជាផ្លូវការនូវអគារបឋមសិក្សា ហ៊ុន សែន មុខដារ ថ្មីដើម្បីបំរើឱ្យវិស័យអប់រំ និងជាថ្នាលបណ្ដុះបណ្តាលដ៏មានសារសំខាន់បំផុត សម្រាប់សិស្សានុសិស្សក្រេបយកចំណេះដឹង។

លោកស្រីកិត្តិសង្គហបណ្ឌិត ថ្លែងនូវការសា​ទរ និងគាំទ្រ​បែបនេះ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ខណៈពេលអញ្ជើញជាកិត្តិយសចូលរួម ក្នុងពិធីសម្ភោធជាផ្លូវការ នូវអគារបឋមសិក្សា ហ៊ុន សែន មុខដារ នៅស្ថិតនៅក្នុងភូមិក្រញូង ឃុំមុខដារ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាគំនិតផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ សៅ សុខា និងសហការីព្រមទាំងសប្បុរសជន។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ទាំងមូលផងដែរ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍ លើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ ដូចជាពេលនេះ ដែលអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅស្រុករមាសហែក បញ្ជូនកូនចៅមកក្រេបយកចំណេះវិជ្ជាប្រកបដោយ សុខដុមរមនាក្រោមម្លប់នៃសុខសន្តិភាព។ ​ជាក់ស្តែង ការកសាងសង់សាលាបឋម សិក្សាថ្មី ស្រឡាងនេះ ដែលមានមួយខ្នង៥បន្ទប់ គឺជាការជួយសម្រួលដល់ការរៀនសូត្រ របស់សិស្សានុសិស្ស សម្រាប់ជាថ្នាលបណ្តុះបណ្តាលលើវិស័យអប់រំ ធនធានមនុស្សដែលជាកូនចៅ របស់ប្រជាពលរដ្ឋស្រុករមាសហែកនេះតែម្ដង។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការអរគុណចំពោះនាយឧត្តមសេនីយ៍ សៅ សុខា និងសហការី ដែលបានកសាងសមិទ្ធិផលខាងលើនេះដែល មានសារសំខាន់សម្រាប់ការរៀនរបស់សិស្សានុ សិស្សគ្រប់ៗជំនាន់ដែលអស់ថវិកាជាង៥ម៉ឺនដុល្លារ។

លោកស្រីកិត្តិសង្គហបណ្ឌិតក៏បានអំពាវនាវដល់ពលរដ្ឋ៖

ទី១៖ ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ ថែរក្សាស្ថេរភាពនយោបាយ និងថែរក្សាការពារនូវសមិទ្ធិផលដែលបានពីការខិតខំរបស់រាជរដ្ឋភិបាលកម្ពុជា
ទី២៖ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ នាពេលខាងមុខឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជានកម្ពុជា លេខរៀងទី២០ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអាណត្តិទី៦ និងអណត្តិក្រោយៗបន្តបន្ទាប់ ដើម្បីរក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ ប្រទេសជាតិបន្ថែមជាងនេះទៀត៕