(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធសួនសត្វភ្នំពេញសាហ្វារី ដែលជាសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សួនសត្វភ្នំពេញសាហ្វារី គឺជា​ព្រៃកម្សាន្ដ​ភ្នំពេញ​ទី១ដ៏ធំជាងគេបង្អស់​​ នៅក្នុងប្រទេសកម្ពុជា វិនិយោគសាងសង់ដោយអ្នក​ឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​​ក្រុមប្រឹក្សា​ភិបាល និង​ជា​​អគ្គនាយក​​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ​ស្ថិត​​នៅ​ក្នុង​​តំបន់​អភិវឌ្ឍន៍​​ទីក្រុង​រណប​ថ្មី របស់​អ្នក​​ឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​​ព្រែក​​តាសេក ខណ្ឌ​​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូ​ម៉ែត្រ​​ពី​រាជ​ធានី​​ភ្នំពេញ។ សួនសត្វនេះ វិនិយោគអស់ទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក។

សួន​សត្វ​ដ៏​ធំ​ជាង​គេ​មួយ​នេះ សាងសង់​នៅលើផ្ទៃដី​ជាង ៦០ហិតា​ក្នុងជំហានទី១ ដែលហ៊ុព័ទ្ធ​​ទៅ​ដោយ​​រចនា​បថ ​​ដ៏​សម្បូរ​​បែបលំនាំ​តាមសម័យ​អង្គរ ​ទាំង​ក្នុង ​និងក្រៅ អម​ជាមួយ​​ព្រៃឈើ​​រាប់​សិប​​ហិកតា ​ជា​តំបន់​​ទេសចរណ៍​​ដ៏​​សំខាន់​​​សម្រាប់​​សម្រាក​លំហែកាយ។

លក្ខណៈពិសេស​របស់​​សួន​សត្វភ្នំពេញសាហ្វារី ចែកចេញ​ជា​បួន​តំបន់​សំខាន់ៗ មាន​ដូចជា៖ ទី១. កន្លែង​សម្តែង​សត្វ​ខ្លា, ទី២. កន្លែង​សម្តែង​សត្វ​ក្រពើ, ទី៣. កន្លែង​សម្តែង​សត្វ​ស្វា អ៊ូរ៉ង់អ៊ូតង់ និង​ទី៤. កន្លែង​សម្តែង​សត្វ​សេក​មក​ពី​អាហ្វ្រិក និង​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត។ ក្រៅពីនោះក៏មានសត្វជាច្រើនប្រភេទផ្សេងទៀត រួមជាមួយនឹងសួន​ទឹក​សម្រាប់​ជិះ​ទូក​លេង​កម្សាន្ត និង​កន្លែង​​ក្មេង​លេង​ផង​ដែរ។

សួនសត្វភ្នំពេញសាហ្វារី បានបើក​ឲ្យ​ចូល​ទស្សនា​សាកល្បង​តាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨មកម្ល៉េះ។ អំឡុងពេលបើកសាកល្បងនេះ ​ក្រុមហ៊ុនបាន​កំណត់តម្លៃ​លក់សំបុត្រ​មានត្រឹមតែ ១០ដុល្លារ​ប៉ុណ្ណោះសម្រាប់​មនុស្ស​ធំ និងតម្លៃ ​៥ដុល្លារ​សម្រាប់​កុមារ ដែលអាច​ចូល​កម្សាន្តលំហែកាយ និង​ទស្សនា​ពេញ ១​ថ្ងៃ។ សម្រាប់តម្លៃ​សំបុត្រពេលបើកជាផ្លូវ​ការវិញ ថ្លៃសំបុត្រ ១៥ដុល្លារ​សម្រាប់មនុស្សធំ និងក្មេង ៥ដុល្លារ​ដដែល៕