(នីការ៉ាហ្គ័រ)៖ គិតត្រឹម​ថ្ងៃទី២២ ខែមិថុនានេះ មនុស្សស្លាប់​ដោយការប៉ះទង្គិច​គ្នា​​រវាងក្រុមបាតុករ និងកងកម្លាំង​សន្តិសុខ​នីការ៉ាហ្គ័រ មានចំនួន​សរុប ២១២នាក់ ដោយសារតែ​ការអនុម័តច្បាប់​សន្តិសុខថ្មី​របស់​រដ្ឋាភិបាល​ប្រធានាធិបតី​លោក Daniel Ortega បាននិងកំពុង​បង្កសាធារណជន​មិនពេញចិត្ត​ជាខ្លាំង រហូតដល់ផ្ទុះ​ការធ្វើបាតុកម្ម​ទ្រង់ទ្រាយធំ​អស់ប៉ុន្មានថ្ងៃជាប់ៗគ្នាមកហើយ។ នេះបើតាម​​ការចេញផ្សាយ​ដោយ​ Belize News នាយប់​ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា អ្វីដែលធ្វើឲ្យប្រជាជននីការ៉ាហ្គ័រខឹងសម្បារខ្លាំងបំផុតនោះ គឺច្បាប់​បង្កើនពន្ធប្រាក់ចំណូលទៅលើនិយោជក និងនិយោជិក ប៉ុន្តែបែរជាបន្ថយ​ចំនួន​ប្រាក់សោធន​​របស់​ប្រជាពលរដ្ឋ​​មកនៅត្រឹម ៥ភាគរយ ទៅវិញ ដែលប្រការនេះ​ត្រូវបានក្រុមអ្នកតវ៉ាអះអាងថា ជាទង្វើមិនអាច​ទទួលយក​បាននោះ​ឡើយ។

ការតវ៉ានេះ​​បានប្រែទៅ​ជាអំពើហិង្សា និងជាការតវ៉ាដ៏ខ្លាំងក្លាបំផុត​នៅក្នុងការដឹកនាំ​ប្រទេស​រយៈពេល ១១ឆ្នាំមកនេះរបស់ លោក Ortega ដែលចង់ចធ្វើកំណែទម្រង់ និងលើកស្ទួយ​កិច្ចការពារ​សន្តិសុខ​ក្នុងប្រទេស តាមរយៈការដំឡើងពន្ធ៕