(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រាប់ទៅនាយ ទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវរួមសហការគ្នា ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមព្រំដែនឲ្យបានល្អ ជាពិសេសត្រូវបង្ក្រាបបទល្មើសឆ្លងដែននានា ឲ្យមានប្រសិទ្ធិភាព។

ការជំរុញបែបនេះ របស់លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ា ក្នុងឱកាសដែលលោក រួមជាមួយនាយទាហានជាច្រើនរូប អញ្ជើញចុះត្រួតពិនិត្យ និងប្រជុំផ្សព្វផ្សាយដាក់ផែនការ ដល់ថ្នាក់ដឹកនាំវរសេនាតូចលេខ១ និងវរសេនាតូចលេខ២ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ា បានគូសបញ្ជាក់ថា «ក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធ ក្នុងជួរកងយោធពលខេមរភូមិន្ទ គឺយើងត្រូវមានតួនាទីការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារប្រជាពលរដ្ឋ ការពារអធិបតេយ្យរបស់ជាតិ ដោយមិនឲ្យប្រទេសណា មករំលោភបំពានយកបានជាដាច់ខាត»

ជាមួយគ្នានោះផងដែរ លោកមេបញ្ជាការ ក៏ជំរុញដោយនាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវរួមសហការគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ តាមខ្សែបន្ទាត់ព្រំដែនឲ្យបានល្អ និងជាពិសេស ត្រូវបង្រ្កាបបទល្មើសឆ្លងដែនផ្សេងៗ ឲ្យមានប្រសិទ្ធិភាព ដូចជាការឆ្លងដែនខុសច្បាប់ និងគ្រឿងញៀនជាដើម។

ដើម្បីជាការលើកទឹកចិត្ត ដល់អង្គភាពនានា ក៏ដូចជាកងទ័ពទាំងអស់ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន លោកមេបញ្ជាការ បានពាំនាំនូវថវិការបស់លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ប្រគល់ជូនដល់អង្គភាពវរសេនាតូចលេខ១ នូវថវិកាចំនួន ១,៦០០,០០០រៀល និងអង្គភាពវរសេនាតូចលេខ២ ថវិកាចំនួន ៣,៦០០,០០០រៀល សម្រាប់ការប្រើប្រាស់ការខ្វះខាត និងជួសជុលអង្គភាពផងដែរ៕