(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសផ្ដន្ទាទោស ពិន័យជាទឹកប្រាក់១០០ដង ដល់ជនណាដែល​ពុំព្រមទូទាត់ ឬទទួលយកប្រាក់រៀល នៅក្នុងប្រទេសកម្ពុជា។

យោងតាមការប្រកាសតាមរយៈ Page Facebook ផ្លូវការរបស់ធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងទៀតថា «យោងតាម មាត្រា៦៤ ចែងថា ជនណា ពុំព្រមទូទាត់ រូបិយវត្ថុដែលមានតម្លៃនីត្យានុកូល និងមានតេជានុភាពធ្វើសេរីកា លើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោស ពិន័យជាប្រាក់ស្មើនឹង១០០ដង នៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ»។

តាមការប្រកាស របស់ធនាគារជាតិ ឲ្យដឹងទៀតថា ក្នុងករណីជួបប្រទះបញ្ហា មិនទទួលឬប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រទេសកម្ពុជា ពលរដ្ឋកម្ពុជា​ទាំង​អស់អាចដាក់ពាក្យប្តឹងទៅអាជ្ញាធរ មានសមត្ថកិច្ច ដោយភ្ជាប់មកជាមួយនូវ ភស្តុតាងចាំបាច់នានា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដល់ជនដែល​ពុំព្រមទទួលប្រាក់រៀលនោះ។

យោងតាមច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃធនាគារជាតិនៃកម្ពុជា មាត្រាទី៤៣ បានចែងថា «ក្នុងពេលដែលមិនបានដកចេញ ពីចរាចរទេនោះ ក្រដាសប្រាក់ និងកាសដែលបោះផ្សាយ ដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូល ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីកា គ្មានព្រំដែនចំពោះក្រដាសប្រាក់ និងមានព្រំដែនចំពោះកាស ក្នុងលក្ខខណ្ឌកំណត់ដោយធនាគារកណ្តាល»។

សូមបញ្ជាក់ថា ការចេញសេចក្ដីប្រកាសផ្ដន្ទាទោស ដល់ជនដែលពុំព្រមទទួលប្រាក់រៀលនេះ ធ្វើឡើងស្របពេលជាមួយនឹង ព័ត៌មានលេចលឺតាម​បណ្ដាញ​សង្គម Facebook ថា មានហាងមួយចំនួន ប្រតិបត្តិការក្នុងប្រទេសកម្ពុជា តែពុំព្រមទទួលយក ឬទូទាត់ថ្លៃទំនិញជាប្រាក់ ឬមិនព្រមទទួល​យកប្រាក់រៀលសេរីចាស់ៗជាដើម ដែលនេះធ្វើឲ្យខូចឈ្មោះ​ និងមិនឲ្យតម្លៃដល់ប្រាក់រៀលខ្មែរ៕