(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលបាលជាតិ ទទួលបន្ទុកការងារចរាចរណ៍ បានបញ្ជាក់ថា ករណីរថយន្តតាក់ស៊ី បុកព្រះទីនាំងសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីអាទិត្យកន្លងទៅ គឺជាគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ ដែលកើតឡើងដោយសារភាគីម្ខាងទៀត បើកបរដោយខ្វះការប្រុងប្រយ័ត្ន ផ្ទុកមនុស្សលើចំណុះ និងមានល្បឿនហួសកំណត់ ហើយករណីនេះទៀតសោត មិនមានជាឃាតកម្ម ដូចពាក្យចចាមអារ៉ាម នៅលើបណ្តាញសង្គម Facebook ឡើយ។

ក្នុងសន្និសីទសារព័ត៌មាន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ​នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានប្រកាសបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានទាំងឡាយណា ដែលបានលើកឡើងថា ករណីនេះ មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ ដែលព័ត៌មាននេះ ផ្ទុយស្រឡះពីការពិត និងការស៊ើបអង្កេត ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពី សមត្ថកិច្ចជំនាញ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានថ្លែងយ៉ាងដូច្នេះថា «លទ្ធផលនៃការស៊ើបអង្កេត ដូចដែលបានបង្ហាញជូននេះ គឺជាគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបដិសេធទៅលើព័ត៌មានទាំងឡាយណាដែលលើកឡើង មិនត្រឹមត្រូវតាមការស៊ើបអង្កេតនេះ»

បើតាមអគ្គស្នងការរងនគរបាលជាតិ, ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើយដោយរថយន្ដ Highlander ជាប្រភេទរថយន្ដឈ្នួល ធ្វើដំណើរពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ។ រថយន្ដបង្កនោះ បានផ្ទុកមនុស្សលើសចំណុះ ហើយបើកបរក្នុងល្បឿនយ៉ាងលឿនលើសកំណត់ ដែលនាំឲ្យមានការពិបាក ក្នុងការបញ្ជាយានយន្ដ។

នាយឧត្តមសេនីយ៍ បានរៀបរាប់ថា បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ នៅមុនពេលកើតហេតុ ​រថយន្ដបង្កបានឡើងវ៉ារថយន្ដមួយគ្រឿង ម៉ាក Lexus RX300 ស្រាប់តែពេលកំពុងឡើងវ៉ានោះ ក៏ពើបប្រទះនឹងក្បូនទីនាំងរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ដែលកំពុងតែបើកច្រាសទិសគ្នា ហើយអ្នកបើកបររថយន្ដបង្ក បានបន្ថែមល្បឿនដើម្បីវ៉ាឲ្យផុត ហើយគេចចូលមកខាងស្ដាំដៃវិញ។ ពេលនេះរថយន្ដបានគេចជ្រុលមកខាងស្ដាំពេក បណ្ដាលឲ្យធ្លាក់ផ្លូវមួយចំហៀង ហើយអ្នកបើករថយន្ដក៏បួងចង្កូតមកខាងឆ្វេងវិញ ស្រាប់តែព្រះទីនាំងរបស់សម្ដេចក្រុមព្រះមកដល់ ក៏បុកពេញទំហឹងតែម្ដង។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងករណីបង្កគ្រោះថ្នាក់ចរាចរណ៍នេះ ចៅក្រមស៊ើបសួរសាលាដំបូង​ខេត្តព្រះសីហនុ លោក ប្លុង វិសាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨​ បានសម្រេចឃុំខ្លួន អ្នកបើករថយន្តតាក់ស៊ី ឈ្មោះ ម៉ិល សារ៉េត អាយុ៣៤ឆ្នាំ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បើកបុកព្រះទីនាំងសម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ បណ្តាលឲ្យទ្រង់រងរបួសធ្ងន់ និងអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព។ តុលាការបានសម្រេចចោទប្រកាន់ អ្នកបើកបររថយន្ដតាក់ស៊ី ពីបទ «បើកបរធ្វេសប្រហែស បណ្តាលរបួស និងស្លាប់អ្នកដទៃ»។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាឡឱ្យ អ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព ពេលបញ្ចូនដល់មន្ទីរពេទ្យ ចំណែកសម្តេចក្រុមព្រះ បានរងរបួសធ្ងន់ ហើយត្រូវបញ្ជូនបន្តទៅព្យាបាលនៅក្រៅប្រទេស។ ក្រៅពីនោះ ក៏មានអ្នកដំណើរផ្សេងទៀតដែលជិះតាក់ស៊ី និងអ្នករួមដំណើរក្នុងក្បួនព្រះទីនាំងមួយចំនួនទៀត រងរបួសផងដែរ៕