(ភ្នំពេញ)៖ ពិតជាជោគជ័យមែន ក្នុងព្រឹត្ដិការណ៍ រត់ម៉ារ៉ាតុងអន្ដរជាតិភ្នំពេញលើកទី៨ ដែលឧបត្ថម្ភដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយទិវារត់ប្រណាំងនេះ មានការចូលរួមពីអត្តពលិកជាតិ និងអន្តរជាតិសរុបចំនួនប្រមាណជាង៥,៥០០រូប ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលធ្វើឡើង នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដែលបានប្រកាសឧបត្ថម្ភធំ សម្រាប់ព្រឹត្ដិការណ៍ រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៨ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង​ដើម្បី​រៃអង្គាស​ថវិកា​ ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយក្នុងព្រឹត្ដិការណ៍រត់ប្រណាំងនេះ បែងចែកជា៣ប្រភេទ ទី១៖ ម៉ារ៉ាតុងពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ (បុរស/នារី) ចាប់ពីម៉ោង០៦៖០០ព្រឹក, ទី២៖ ការប្រណាំងលើផ្លូវ ១០គីឡូម៉ែត្រ (បុរស/នារី) ចាប់ពីម៉ោង០៦៖២០ព្រឹក និងទី៣៖ ប្រកួតរត់ជាលក្ខណៈគ្រួសារ ប្រវែង៣គីឡូម៉ែត្រ ចាប់ផ្ដើមពីម៉ោង០៦៖៤០ព្រឹក។

សម្រាប់ការឧបត្ថម្ភធំ ក្នុងព្រឹត្ដិការណ៍ «រត់ម៉ារ៉ាតុងអន្ដរជាតិភ្នំពេញ» លើកទី៨ កន្លងទៅនេះ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងគោលបំណងដើម្បីចង់បង្ហាញពីមោទនភាព ដែលបានចូលរួមចំណែក ​ក្នុង​​​​​​ព្រឹត្តិ​ការណ៍សំដៅជាប់ឈ្មោះ ក្នុងកំណត់ត្រាពិភពលោករបស់កម្ពុជា។