(ភ្នំពេញ)៖ ​អតីតបុគ្គលិក ​នៃស្ថានទូតអាមេរិកចំនួន៦នាក់ ដែលបានទៅដាក់ញត្តិនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាលើកទី២ តំណាងឱ្យអតីតបុគ្គលិក​ទាំង៣២​នាក់ ដែលរងការបណ្តេញចេញពីការងារ យ៉ាងអយុត្តិធម៌ជាទីបំផុត បានប្រកាសឱ្យ​ស្ថានទូតអាមេរិក បង្ហាញភស្តុតាង​ច្បាស់លាស់ ដល់ពួកគាត់ អំពីមូលហេតុ​នៃការបណ្តេញចេញពីការងារនេះ។

ការលើកឡើងរបស់ អតីតបុគ្គលិកស្ថានទូតអាមេរិក ដែលត្រូវបណ្ដេញពីការងារនេះ បានធ្វើឡើង​រសៀល នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីពួកគាត់​បានបន្ដមកដាក់ញ្ញត្តិនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាលើកទី២។​

​អតីតបុគ្គលិកស្ថានទូតអាមេរិក បានថ្លែងយ៉ាងដូច្នេះថា៖ «ចំពោះខ្ញុំ ដើម្បីឱ្យអស់មន្ទិលសង្ស័យ គឺសូមឱ្យស្ថានទូតអាមេរិកបង្ហាញភស្តុតាង ដែលបានចោទប្រកាន់ឡើងវិញ ហើយស្រាវជ្រាវឯកសារ​ទាំងអស់ឡើងវិញ ពីព្រោះការចោទប្រកាន់​ វាហាក់ដូចជាអាថ៌កំបាំងមួយអញ្ចឹង ដើម្បីឱ្យមានតម្លាភាពទាំងអស់គ្នា ត្រូវបង្ហាញអ្វីដែលបានចោទ ប្រកាន់មកលើយើងតាំងអស់គ្នា ដើម្បីឱ្យដឹងអ្នកណាខុសអ្នកណាត្រូវ»

ពលរដ្ឋខ្មែរដែលជួបនូវអំពីអយុត្តិធម៌ ពីស្ថានទូតអាមេរិកដែលប្រកាសថា ខ្លួនជាបិតាធិបតេយ្យនោះ​ ​​បានបង្ហាញពីក្តីសង្ឃឹមថា ការដាក់ញ្ញាតិ នៅក្រសួងការងារ នឹងទទួលបានភាពយុត្តិធម៌​ និងសង្ឃឹមជឿជាក់ថា​ រាជរដ្ឋាភិបាល​ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ នឹងផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ ដែលរងការចោទប្រកាន់ដោយ​ គ្មានភស្តុតាងច្បាស់លាស់។

បន្ទាប់ពីការដាក់ញត្តិទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួចហើយនោះ ពួកគាត់បានទទួលការឆ្លើយតប​ពីក្រសួងវិញ ដោយកំណត់យកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ក្រសួងនឹងអញ្ជើញពួកគាត់ទាំង២៧នាក់ ដែលមានស្នាមមេដៃក្នុងញត្តិមកជួបគ្នា ដើម្បីធ្វើការដោះស្រាយជាថ្មីម្ដងទៀត។ តែទោះជាយ៉ាងណា អតីតបុគ្គលិកស្ថានទូតអាមេរិក ​​បានបន្តថា ពួកគាត់នឹងតវ៉ារហូតទទួលបានផ្លែផ្កាជាវិជ្ជ​មានណាមួយ ដល់ពួកគាត់ទាំងអស់គ្នា ប្រសិនបើគ្មានការដោះស្រាយណាមួយ ​​ពួកគាត់​នឹងមិនបញ្ឈប់នូវការតវ៉ានោះទេ។

ជាមួយគ្នានេះ អតីតបុគ្គលិក បានស្នើឱ្យឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា លោក ​William A. Heidt ពិចារណាចំពោះការបណ្តេញពួកគេចេញពីការងារ ដោយភាពអយុត្តិធម៌នេះ ដោយគ្មានភស្តុតាង គ្មានហេតុផល គឺមិនអាចទទួលយកបាននោះទេ៕