(កំពង់ធំ)៖ ជាមួយនឹងការអបអរសាទរសប្បាយរីករាយ ប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបញ្ជាក់ថា ក្រោយពេលដែលអតីតគណបក្សសង្ក្រោះជាតិត្រូវរលាយ ពួកគាត់បានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ដ និងគ្មានការភ័យខ្លាចក្នុងការប្រកបរបរ គ្មានការរំខានពីបក្សប្រឆាំងនោះឡើយ។

ការបញ្ជាក់របស់ប្រជាពលរដ្ឋយ៉ាងដូច្នេះ ក្នុងឱកាសលោក ជា បូរ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ ជួបសំណេះសំណាលជាមួយប្រធានអនុប្រធានបក្សនៅស្រុកបារាយណ៍ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅឃុំចើងដើង និងឃុំជ្រលង។

លោក ជា បូរ៉ា បានបញ្ជាក់ថា កាលពីអតីតបក្សសង្គ្រោះជាតិមិនទាន់រលាយ ពួកគេតែងតែធ្វើសកម្មភាពឃោសនាញុះញង់បង្កភាពរញ៉េរញ៉ៃ រហូតប្រមូលផ្ដុំគ្នាធ្វើបាតុកម្មអុកឡុកពេញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពទូទៅក្នុងសង្គម ប្រជាពលរដ្ឋភ័យព្រួយខ្លាចកើតឡើងនូវសង្គ្រាមបង្ហូរឈាម។ ប៉ុន្តែក្រោយពួកនោះត្រូវរំលាយស្ថានភាពទូទៅមានភាពស្ងប់ស្ងាត់ ប្រជាពលរដ្ឋមានលំនឹងផ្លូវចិត្ត ថែមទាំងមានឱកាសប្រកបមុខរបរដោយសុខក្សេមក្សាន្ដ។

លោក ជា បូរ៉ា ក៏បានរំលឹកដែរថា កត្តាសន្តិភាព គឺមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិនីមួយៗ ព្រោះថាបើគ្មានសន្តិភាពនោះទេ គេក៏មិនអាចនិយាយពីប្រជាធិបតេយ្យសេរីភាព ឬសិទ្ធិមនុស្សបានឡើយ។ ប៉ុន្តែផ្ទុយទៅវិញ បើមានសន្តិភាពប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ដ មានសេរីភាព មានប្រជាធិបតេយ្យពេញលេញ ប្រទេសជាតិក៏មានការរីកចម្រើនផងដែរ ដូច្នេះសន្តិភាពជាកត្តាមិនអាចខ្វះបាន ហើយទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស ទោះតម្លៃណាក៏ដោយ។

លោកបានគាំទ្រមតិរបស់ប្រជាពលរដ្ឋខ្មែរដែលបានលើកឡើងខាងលើ ហើយលោកក៏បានបញ្ជាក់ទៀតថា ដើម្បីរក្សាបាននូវសន្តិភាពនេះ ប្រជាពលរដ្ឋគប្បីចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែថ្នាក់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជាប៉ុណ្ណោះ ទើបមានកម្លាំងមានសម្ថតភាពគ្រប់គ្រងក្នុងការថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។

ពាក់ព័ន្ធការបោះឆ្នោតនាពេលខាងមុខ លោក ជា បូរ៉ា បានណែនាំប្រជាពលរដ្ឋទាំងអស់កុំឱ្យជឿតាមការឃោសនាអកុសលរបស់អតីតក្រុមបក្សសង្គ្រោះជាតិ ដែលពួកគេឃោសនាថា‌‌ «ដេកផ្ទះឈ្នះឯង» នោះឱ្យសោះ ព្រោះពាក្យឃោសនាបែបនោះគ្មានតម្លៃអ្វីទាំងអស់ ព្រោះថាវាមិនដែលមិនទៅបោះឆ្នោតហើយឈ្នះនោះឡើយ ហើយការឃោសនារបស់ពួកគេ គឺគ្រាន់តែជាឧបាយកលរារាំង ឬបំផ្លាញការបោះឆ្នោត ក៏ដូចជាបំផ្លាញសន្តិភាពនៅកម្ពុជាតែប៉ុណ្ណោះ ដូច្នេះលោកអំពាវនាវដល់ប្រជាពលរដ្ឋឱ្យនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សកម្ពុជាដែលមានលេខរៀងទី២០ ដើម្បីបានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដឹកនាំប្រទេសឱ្យបានរីកចម្រើន និងបន្ដការអភិវឌ្ឍប្រទេសបន្ថែមទៀត៕