(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជូនដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ៨រូប។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។

មន្រ្តីជាន់ខ្ពស់ទាំង៨រូប ដែលព្រះមហាក្សត្រខ្មែរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានគោរពងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានេះរួមមាន៖ លោក​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិត​ នេត​ បារ៉ុម , បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ​រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា, លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ​ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​, លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា, លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ​ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

រាជ​បណ្ឌិត្យ​សភាកម្ពុជា ជា​ស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់និងជាធនាគារខួរក្បាលមួយរបស់ជាតិ។ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ឥស្សរជន និងបញ្ញាជនជាន់ខ្ពស់របស់ជាតិ ដែលជាគោរមវន្តទាំង០៨រូប ដែលបានជ្រើសរើសចេញពីការបោះឆ្នោត និងការពិនិត្យវិនិច្ឆ័យដោយក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជានេះ នឹងរួមចំណែកក្នុងការងារអភិវឌ្ឍធនធានមនុស្ស និងការងារស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា ឱ្យកាន់តែ​មានប្រសិទ្ធភាពខ្ពស់ រស់រវើក និងមានសន្ទុះទ្វេឡើង ព្រមទាំងខិតខំសម្រេចឱ្យបាននូវស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីបន្សល់ទុកជូនអ្នកជំនាន់ក្រោយ ហើយដើរតួនាទីជាគំរូទាំងស្នាដៃ និងកិត្តិស័ព្ទដល់ឥស្សរជននិងបញ្ញាជនដទៃទៀត។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានគូសបញ្ជាក់ថា ការដែលព្រះមហាក្សត្រប្រោសព្រះរាជទានគោរពងារដល់ឥស្សរជន ​និងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជានេះ បន្ទាប់ពីបានពិនិត្យឃើញថា ពួកគាត់សុទ្ធតែមានស្នាដៃធំធេងក្នុងបុព្វហេតុសង្គមជាតិ។ មន្រ្តីជាន់ខ្ពស់ទាំង៨រូបមានគុណបំណាច់ខុសៗគ្នាទៅតាមជំនាញរបស់ពួកគាត់។ ខាងក្រោមនេះ គឺជាគុណសម្បត្តិរបស់ពួកគាត់។

១. លោក​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាឥស្សរជន មានស្នាដៃដឹកនាំស្ថាប័ន និងបានសម្រេចនូវសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ​។ ជាពិសេសលោកជាឥស្សរជនសំខាន់មួយរូប ដែលបានដឹកនាំអនុវត្តគោលនយោបាយសំខាន់ៗជាច្រើនរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រមាណ៧% និងអាចធានាបានចក្ខុវិស័យនាពេលខាងមុខក្នុងគោលដៅជំរុញ និង​លើក​​​កម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឲ្យទទួលបាន​ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង​ប្រាក់​ចំណូលកម្រិត​ខ្ពស់​នៅឆ្នាំ២០៥០។

២. លោកបណ្ឌិត​ នេត​ បារ៉ុម ជាសាស្ត្រចារ្យ ជាអ្នកវិទ្យាសាស្ត្រ​លេចធ្លោ និងជា​រៀមច្បងមួយរូបក្នុងការអប់រំ និងបណ្តុះ​​បណ្តាល​​គ្រូនិង​និស្សិតក្នុងវិស័យគីមី​ដោយគិតចាប់តាំងពី​ឆ្នាំ១៩៧៩ រៀង​រហូត​មក។ ​សមត្ថភាព ស្នាដៃរបស់លោកមានការទទួលស្គាល់ក្នុងកម្រិតជាតិ និងអន្តរជាតិយ៉ាងទូលំទូលាយ​។

៣. លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជាសាស្រ្តាចារ្យ ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​អនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ លោកបានរួម​ចំណែក​ក្នុង​ការជំរុញ​អភិវឌ្ឍន៍វិស័យស្រាវជ្រាវវិទ្យាសាស្ត្រ និងបានស្រាវជ្រាវចងក្រងស្នាដៃជាច្រើន​​ដែលមានតម្លៃសម្រាប់មន្ត្រីរាជការ, និស្សិត, បញ្ញវន្ត និងសាធារណជនទុកប្រើប្រាស់ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ការសិក្សាស្រាវជ្រាវបន្ត។

៤. លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ​រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានរួមចំណែកដឹកនាំ និងអនុវត្តយ៉ាងសកម្មក្នុងវិស័យអសប់រំ ក្នុងនាមជាអ្នកជំនាញ ដោយបាន​កាន់តំណែងជាបន្តបន្ទាប់ក្នុងក្រសួងអប់រំ យុវជន​​ និងកីឡា តាំងពីថ្នាក់ប្រធាននាយកដ្ឋាន​រហូតបានបំពេញតួនាទីជា​រដ្ឋលេខាធិការ។​​​ លោកបណ្ឌិតសភាចារ្យតែងបានផ្សារភ្ជាប់ការងារ​ទៅនឹងគ្រូបង្រៀន​គ្រប់កម្រិត​ជាប់​ជា​​ប្រចាំ ដោយយកការងារផ្តល់កិត្តិយសនិងតម្លៃគ្រូបង្រៀនជាស្នូល ព្រោះថា គ្រូបង្រៀនជាវិស្វករព្រលឹងជាតិ និងបាន​ខិតខំកៀរគរជំនួយគាំទ្រដល់វិស័យអប់រំ ពីគ្រប់ភាគីពាក់ព័ន្ធ ដោយរក្សាខ្ជាប់នូវភាពជាម្ចាស់ក្នុងការបំពេញភារកិច្ច។

៥. លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ​ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​ ​ជាឥស្សរជនជាតិដែលពោរពេញដោយសមត្ថភាព និងបទពិសោធន៍ការងារយ៉ាងទូលំទូលាយ។ រហូតមកដល់បច្ចុប្បន្ននេះ ​ឯកឧត្ដមធ្លាប់បានបម្រើការងារជាគ្រូបង្រៀន ពីមន្ត្រីសាមញ្ញ មកជាថ្នាក់​ដឹក​នាំ ជាព្រឹទ្ធាចារ្យ ជាឥស្សរជនគំរូសម្រាប់មន្ត្រីរាជការ​ មានរយៈពេលជាង៥៩ឆ្នាំ មកហើយ។ ​ឯកឧត្តម​កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានបំពេញភារកិច្ច មានគុណបំណាច់ និងស្នាដៃជាច្រើនក្នុងការដឹកនាំ គ្រប់គ្រង និងថែរក្សាឧត្តម​ប្រយោជន៍​ជាតិលើ​វិស័យជាច្រើន ដែលមានការ​ទទួលស្គាល់ពីសំណាក់ស្ថាប័ន​ជាតិ អន្តរជាតិ និងអន្តររដ្ឋាភិបាលនានា។

៦. លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ជាឥស្សរជនជាតិជាន់ខ្ពស់មួយរូប ដែលបានបំពេញ​ភារកិច្ចជូនមាតុភូមិដោយមិនខ្លាចនឿយហត់ចាប់តាំងពីឆ្នាំ១៩៧៨ មក​ ដោយតាំងចិត្តយ៉ាងមោះមុត ម៉ឺងម៉ាត់ ហ្មត់ចត់ ប្រកាន់ខ្ជាប់​ចរិតមហាជន ដែលជាអត្តសញ្ញាណកូនកសិករ ខិតខំបំពេញការងារលើផ្នែកសង្គមកិច្ច វប្បធម៌ និង​មនុស្សធម៌ និងខិតខំបំពេញការងារ​ឱ្យបាន​សម្រេចមិនរាថយ​ជូនប្រទេសជាតិនិងប្រជាជន។

៧.​ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​បម្រើការងារជូនប្រទេសជាតិ អស់រយៈពេលជាង៤០ឆ្នាំ​មកហើយ។ ដោយសារសមត្ថភាពការងារ និងការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចដ៏មោះមុត ឯកឧត្តមបានទទួល​មុខតំណែង​សំខាន់ៗជាបន្ត​បន្ទាប់​នៅក្នុងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន លោកកិត្តិនីតិកោសលបណ្ឌិត បានដឹកនាំនិងអនុវត្តយ៉ាងសកម្មក្នុងវិស័យច្បាប់ ក្នុងឋានៈជាតំណែងជាតំណាងរាស្ត្រ, សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសព្វថ្ងៃជាឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរាជរដ្ឋាភិបាល។

៨. លោកកិត្តិសេដ្ឋាបណ្ឌិត ចម ​ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាអតីត​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ចាប់ពីឆ្នាំ១៩៩៤​រហូត​ដល់​ឆ្នាំ២០១៣ ហើយចាប់ពីឆ្នាំ២០១៣ មក ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម, បានរួមចំណែក និងសាងសមិទ្ធផលជាច្រើនពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងសិប្បកម្ម។ សមិទ្ធផល​ដ៏លេចធ្លោមួយក្នុងវិស័យពាណិជ្ជកម្ម គឺលោកកិត្តិសេដ្ឋាបណ្ឌិតបានដឹកនាំអនុវត្តនូវគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការនាំកម្ពុជា​ចូលជា​សមាជិកអង្គការពាណិជ្ជកម្មពិភពលោកដោយជោគជ័យ ហើយធ្វើឱ្យប្រទេសកម្ពុជាបានទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃ។​

បើតាមលោកបណ្ឌិត សុខ ទូច រាជបណ្ឌិត្យ​សភាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តជ្រើសរើសឥស្សរជននិងបញ្ញាជនបន្ថែមទៀត ដែលមានស្នាដៃស្រាវជ្រាវឆ្នើមនិងមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីផ្តល់ជូនគោរមងារទាំងផ្នែកវិទ្យាសាស្ត្រនិងកិ្តយស ឲ្យបានសក្តិសមទៅនឹងការខិតខំប្រឹងប្រែងនិងពលីកម្មក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ និងកិច្ចការរបស់សង្គមជាតិ៕