(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយឃុំភ្នំសំពៅ ស្រុកបានណន់ ខេត្តបាត់ដំបង លោក ហែម ថេង និងភរិយា ព្រមទាំងសហការីបាននាំទៀនវស្សា និងទេយ្យទានប្រគេនដល់វត្តចំនួន៥ នៅក្នុងបរិវេណវត្តភ្នំអណ្តើកក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ដោយមានការចូលរួមពី ព្រះសង្ឃ ពុទ្ធបរិស័ទ្ធ តាជីយាយជីជាច្រើនរូបទៀត គិតជាទឹកប្រាក់២៥លាន៧សែន៦ម៉ឺនរៀល។

លោក​ប្រធានគណៈពង្រឹង បានសំណេះសំណាលជាមួយព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តភ្នំអណ្តើក នៅក្នុងឃុំភ្នំសំពៅ ដោយបានលើកឡើងថា ពីមួយថ្ងៃទៅមួយថ្ងៃ នៅកម្ពុជាយើង វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្នមានវត្តជិត៤ពាន់វត្ត។ ដោយឡែក វត្តនៅក្នុងឃុំភ្នំសំពៅមានចំនួន៥វត្ត ហើយថ្ងៃនេះក្រុមការងារយើងនាំទៀនវស្សា ទៅប្រគេនព្រះសង្ឃមាន៥វត្តនេះ គឺក្នុងនោះមាន៖ វត្តចែងក្តា វត្តអណ្តើក វត្តទ្រុងមាន់ វត្តល្អាងកន្ទុយក្រពើ និងវត្តភ្នំសំពៅក្នុងឃុំភ្នំសំពៅ។

លោកប្រធានក្រុមការងារបានបញ្ជាក់ថា ដើម្បីផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ហើយគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ក្នុងពិធីបុណ្យចូលព្រះវស្សា ដែលមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញនៅថ្ងៃទី១៥ រោចខែកក្តិតនោះ។ តាមប្រពៃណីនេះក្នុងអំឡុងបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រ នៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូត។

ដូច្នេះហើយទើបប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធ បាននាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាស។ ជាក់ស្តែងថ្ងៃនេះ ក្រុមការងារបក្សប្រជាជន ចុះជួយឃុំសំពៅសំពៅ បានមូលមតិគ្នានាំបច្ច័យ ទៀនវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃចំនួន៥វត្ត នៅក្នុងឃុំភ្នំសំពៅស្រុកបាណន់ ដោយ១វត្តទទួលបាន - ទៀនព្រះវស្សាខ្នាតធំមួយគូរ, មីម៉ាម៉ាថៃមួយកេៈធំ, ត្រីខថៃរូបកូនក្រមុំបីមួយកេះធំ, អង្ករល្អមួយបាវ៥០គីឡូក្រាម, ទឹកត្រីមួយយួរ១២ដប, ទឹកស៊ីអ៊ីវមួយយួរ១២ដប , ទឹកក្រូចចំរុះ៥កេស, ទឹកបរិសុទ្ឋអង្គរ៥កេស, សាដក់ល្អ៥, ត្រីងៀត៥គីឡូក្រាម, ទឹកដោះគោថៃមួយកេសធំ បច្ច័យ២លាន៤សែនរៀល សរុបទាំង៥វត្តអស់១២លានរៀល លោកប្រធានក្រុមការងារប្រគេនបច្ច័យព្រះសង្ឃ៧០អង្គ ក្នុង១អង្គ២ម៉ឺនរៀល ជូនលោកតាលោកយាយ ចូលរួម៦៨នាក់ម្នាក់២ម៉ឺនរៀល ប្រគេនបច្ច័យរាបបាត១លានរៀល និងប្រគេនបច្ច័យកសាងអាស្រម១០លានរៀលទៀត សរុបទាំងចំណាយទាំងអស់២៥លាន៧សែន៦ម៉ឺនរៀល។

លោក​ ហែម ថេង បានបន្តថា ការប្រគេនទៀនព្រះវស្សាជូនវត្តទាំង៥ នៅឃុំភ្នំសំពៅក្នុងស្រុកបាណន់នេះ គឺយើងទាំងអស់គ្នាតែងតែបាននាំគ្នាធ្វើជារៀងរាល់ឆ្នាំ ហើយពុទ្ធបរិស័ទចំណុះជើងវត្តមួយចំនួន ក៏បាននាំគ្នាប្រគេនទៀនព្រះវស្សា និងទេយកយវត្ថុដល់វត្តដែលនៅជិតផ្ទះរបស់ខ្លួនផងដែរ ហើយប្រពៃណីនេះបានផ្សាភ្ជាប់គ្នាតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន រវាងពុទ្ធចក្រនិងអាណាចក្រដោយ មិនអាចខ្វះបាន ព្រោះរាជរដ្ឋាភិបាលបានកំណត់ក្នុងរដ្ឋធម្មនុញថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

លោកប្រធានបានបន្តទៀតថា ការចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនារបស់ព្រះសង្ឃគ្រប់អង្គ ពិសេសចៅអធិការវត្តទាំង៥តែងតែជួយគាំទ្រគណបក្សប្រជាជនកម្ពុជាកន្លងមក ពិសេសក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តី៤និងបោះឆ្នោតសភាតំណាងរាស្រ្តអាណត្តិទី៥កន្លងមក បានអសនៈជាច្រើនធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះបានបន្តដឹកនាំប្រទេសបន្តទៀត។

ក្នុងឱកាសនេះដែរលោកប្រធានបានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិស័ទ្ធនៅក្នុងឃុំភ្នំសំពៅទាំងអស់ថា សូមបងប្អូនដែលមានអាយុគ្រប់ និងមានសិទ្ធទៅបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតគាំទ្របក្សCPPនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីទទួលបានជ័យជំនះបានបន្តដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើនបន្ថែមទៀត។ ក្នុងនោះ លោកប្រធានបានសង្កត់ធ្ងន់ទៀតថា បើប្រទេសជាតិគ្មានសុខសន្តិភាពពេញលេញនៅក្នុងប្រទេសយើងទេ យើងទាំងអស់គ្នាក៏មានគ្មានឱកាសមកធ្វើបុណ្យរួមគ្នានាពេលនេះផងដែរ។

បន្ទាប់សំណេះសំណាលចប់ លោកប្រធានក្រុមការងារ និងសការីទាំងអស់បាននាំគ្នារាប់បាតប្រគេនព្រះសង្ឍជាកិច្ចបង្ហើយ និងបន្តដំណើរទៅមើលការសាងសង់អាស្រមធ្វើអំពីឈើប្រណិតគ្រប់ប្រភេទ និងទស្សនាការដាំដើមកូនឈើប្រភេទឈើប្រណិត៦មុខ ក្នុងវត្តអណ្តើកនេះបានជាង១ពាន់ដើម លម្អដោយសួនច្បារយ៉ាងស្អាត ទុកសម្រាប់ឲ្យក្មេងជំនាន់ក្រោយ បានឃើញនិងស្គាល់ទៅថ្ងៃក្រោយផងដែរ៕