(កណ្តាល)៖ នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នេះ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម, បានជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន២,៩៩៦នាក់ ក្នុងនោះមានអតីតសមាជិកបក្សសង្គ្រោះជាតិចំនួន៨២២នាក់ នៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្តីនឹករលឹក ដ៏ជ្រាលជ្រៅពីសំណាក់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិក សមាជិកាដែលទើបចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកល្វាឯម​ទាំងអស់ ដោយគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាជន ហើយសម្តេចតែងតែរិះរកគ្រប់មធ្យោបាយដើម្បី ដោះស្រាយបញ្ហា និងសំណូមពរទាំងឡាយ សំដៅលើកកម្ពស់​ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងធានានូវសុខសន្តិភាព, ស្ថិរភាពសង្គម និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិទាំងមូល ។

លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញបរិបូរណ៍ដូច សព្វថ្ងៃ គឺដោយសារតែ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជាតែមួយគត់ ហើយគណបក្សប្រជាជនកម្ពុជាតែងតែប្រកាន់ភ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ ប្រជាជន ដោយមាននយោបាយដឹកនាំ ប្រទេសដែលកើតចេញពីឆន្ទៈ, គោលបំណង និង បំណងប្រាថ្នារបស់ប្រជាជន, ដោយសារប្រជាជន និងដើម្បីប្រជាជន។

លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានណែនាំកុំមានការរើសអើងណាមួយចំពោះអតីតសមាជិកគណបក្ស សង្គ្រោះជាតិ ដែលទើបបានសម្រេចចិត្តមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបន្តស្វាគមន៍ជានិច្ចចំពោះសមាជិកបក្សដទៃៗទៀត ដែលមានបំណងចង់ចូលរួមជាមួយគណបក្សប្រជាជន កម្ពុជាដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនជឿនលឿន និងមានកិត្យានុភាពខ្ពស់ខ្ពង់ថែមទៀត ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ។

ចុងបញ្ចប់នៃអង្គពិធី លោកអគ្គបណ្ឌិតសភាចារ្យ បានអំពាវនាវឱ្យសមាជិក-សមាជិកាបក្សទូទាំងស្រុកល្វាឯម ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ដើម្បីធានាឱ្យប្រទសកម្ពុជាមានឯករាជ្យ និងបូរណភាពទឹកដីពេញលេញ, ប្រជាធិបតេយ្យ និងនីតិរដ្ឋ, សុខសន្ដិភាព និងស្ថិរភាពសង្គម, ភាពរីកចម្រើនរុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាដើម្បីខ្លួនយើង, គ្រួសារយើង, និងអនាគតដ៏ត្រចះត្រចង់របស់យើងទាំងអស់គ្នា៕