(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា​ និងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ បានចូលជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលវគ្គជីវភាពនយោបាយ២០​ ឧសភា​ ឆ្នាំ២០១៨​ និងលើកទិសដៅ​ភារកិច្ចឆ្ពោះ ទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦​ ដោយមានការអញ្ជើញពីថ្នាក់ជាតិ​ ខេត្ត​ ក្រុង​ ស្រុក​ និងថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់​ នៅទីស្នាក់ការបក្សខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងកោតសសើរ​ពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិមាន​៖ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, សម្តេចក្រឡាហោម​ ស​ ខេង​, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បាន​សាទរ និងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក​ សមាជិកា​ ក្រុមការងារចុះជួយ​បក្សគ្រប់ជាន់ថ្នាក់ឈរលើស្មារតីស្មោះត្រង់​ ឯកភាព​ផ្ទៃក្នុង សាមគ្គីភាព​ លះបង់​ ទទួលខុសត្រូវ​ ដើរតាមគោលនយោបាយ​បក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុន​ សែន​ នាំមកនូវសន្តិភាព​ និងការរីកចម្រើន​ជូនជាតិនិងមូលដ្ឋានយើង។

ជាមួយគ្នា​នេះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណដល់សមាជិ ​សមាជិកា​ទាំងអស់ និងបានណែនាំនូវការងារពាក់ព័ន្ធនឹងដំណើរឆ្ពោះទៅរកការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦​ នៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨​ ខាងមុខ។

ជាការលើកទឹកចិត្ត​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានផ្តល់ជូន៖

ទី១៖ ឧបត្ថម្ភ ក្រុង/ស្រុក​ទាំង៩​ ក្នុង១ក្រុង/ស្រុកៗ​ ទទួលបានប្រេងសាំង២០០លីត្រ
ទី២៖ ឧបត្ថម្ភ ឃុំ/សង្កាត់ទាំង៦៥ ក្នុង១ ឃុំ/សង្កាត់ៗ​ ​ទទួលបានប្រេងសាំង២០០លីត្រ និងថវិកា១លានរៀល
ទី៣៖ ឧបត្ថម្កក្រុមសកម្មជនយុវជនឃុំ/សង្កាត់​ ក្នុង១ឃុំ/សង្កាត់ៗ ទទួលបានប្រេងសាំង ១០០លីត្រ
ទី៤៖ ឧបត្ថម្ភជូនភូមិទាំង៦៦៧ភូមិ ក្នុង១ភូមិៗទទួលបានថវិកា២០ម៉ឺនរៀល
ទី៥៖ ជូនប្រធានភូមិទាំង៦៦៧នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា៤ម៉ឺនរៀល៕