(បាងកក)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុង ពិធីទទួលតំណែងប្រធានកិច្ចប្រជុំកំពូល (ACMECS) លើកទី ៩ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នាពេលបន្ទាប់។

ពិធីនេះមានការចូលរួមពី លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ ដែលជាប្រធានអង្គប្រជុំ និង ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសACMECSផងដែរ។ នៅឱកាលនោះ លោក ប្រាយុទ្ធ ច័ន្ទអូឆា ក៏បានផ្ទេរតំណែងប្រធានកិច្ចប្រជុំ ACMECS មកជូនកម្ពុជា ហើយសម្តេចតេជោ ហ៊ុន សែន បានទទួលដោយក្តីមោទនភាព និងរីករាយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាមានកិត្តិយសណាស់​ដែលបានទទួលយកតំណែងប្រធាន ACMECS
ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២០។ សម្តេចបានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក ប្រាយុទ្ធ ច័ន្ទអូឆា និងរាជរដ្ឋាភិបាលថៃ ដែលបានសម្រេចនូវសមិទ្ធផលគួរឲ្យកត់សម្គាល់ នៅលើវិស័យជាច្រើន នៃកិច្ចសហប្រតិបត្តិការ ACMECS។
ក្នុងឋានៈជាប្រធាន ACMECS បន្ទាប់ សម្តេចបានប្តេជ្ញាចិត្តក្នុងការពង្រឹងនូវចំណងមិត្តភាពជាប្រពៃណី, ភាពជាអ្នកជិតខាងល្អ និងការផ្តល់ផលប្រយោជន៏ទៅវិញទៅមករវាងប្រទេសអេកម៉ិក ដើម្បីលើកកម្ពស់សន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ ។ ទិសដៅជាអាទិភាពរបស់កិច្ចសហប្រតិបត្តិការ ACMECS នឹងត្រូវផ្តោតលើការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងភាពក្រីក្រ, ការសម្រេចបាននូវសន្តិសុខស្បៀង និងថាមពល, ការអភិវឌ្ឍនៅលើវិស័យទេសចរណ៏, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការការពារបរិស្ថាន, ការពង្រីកខ្សែច្រវ៉ាក់ផលិត ឧស្សាហកម្មក្នុងអនុតំបន់ និងការធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជន ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ACMECS ឲ្យឈានឡើងដល់កម្រិតខ្ពស់មួយទៀត ក៏ដូចជាដើម្បីជំរុញពន្លឿនជំហាន នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃបណ្តប្រទេស ACMECS។

សម្តេចបានបញ្ជាក់ទៀតថា ដើម្បីសម្រេចបាននូវគោលដៅទាំងអស់នេះ កម្ពុជា នឹងជំរុញអនុវត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីថ្លែងការណ៍ ទីក្រុងបាងកក និងជាពិសេស ផែនការ ACMECS ២០១៩-២០២៣ ដែលមានសសរស្តម្ភមួយចំនួនដូចជា ការតភ្ជាប់ដោយរលូន, សេដ្ឋកិច្ចអេកម៉ិកប្រកបដោយ ភាពស៊ីសង្វាក់ និងអេកម៉ិកប្រកបដោយភាពឆ្លាតវៃ និងចីរភាព។ ជាមួយគ្នានេះ, កម្ពុជាក៏នឹងបន្តជំរុញ បញ្ចប់នូវការអនុវត្ត សេចក្តីថ្លែងការណ៏ទីក្រុងហាណូយ ក៏ដូជាសេចក្តីថ្លែងការណ៍ ផ្សេងទៀត រួមទាំងគម្រោង និងគំនិតផ្តួចផ្តើមទាំងឡាយដែលកំពុងតែត្រូវបានអនុវត្ត ទាំងកម្រិតទ្វេភាគី និងពហុភាគី។ លើសពីនេះទៀត យើងត្រូវបន្តប្រឹងប្រែងកៀរគរធនធាន ព្រមទាំងលើទឹកចិត្តឲ្យដៃគូ អភិវឌ្ឍន៍នានាជួយផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីជំរុញអនុវត្តគម្រោងអាទិភាពគន្លឹះនានា ស្របទៅតាមផែនការ ACMECS ២០១៩-២០២៣។ យើងក៏ត្រូវផ្តោតលើកាលានុវត្តភាព ឲ្យកាន់តែទូលំទូលាយ ចំពោះតួនាទី និងការចូលរួមរបស់វិស័យឯកជន នៅក្នុងការអនុវត្ត គម្រោងអាទិភាពទាំងឡាយរបស់ ACMECS៕