(ភ្នំពេញ)៖ អធិការរងខណ្ឌ៧មករា ម្នាក់ឈ្មោះ អ៊ូ ពៅ ទទួលបន្ទុកអន្ដោប្រវេសន៍ រហ័សនាម​០៦ បាន​រងបណ្តឹងថា បាននាំបក្ខពួក​ទៅវាយ​អតីតចៅសង្កាត់ពន្សាំង គឺលោកស្រី ឌី សារៀម និងប្តីលោកស្រី ដល់ក្នុងសាលាសង្កាត់ បណ្តាលឲ្យរងរបួស ព្រោះរឿង​លុយកម្រៃជើងសារ​ទិញលក់ដីធ្លី។

យោងតាមពាក្យរបស់លោក សេត សឹម ជាប្តី និងលោកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង ជាប្រពន្ធ​បានប្តឹង​ឈ្មោះ លោក អ៊ូ ពៅ ភេទប្រុស អាយុប្រហែល ៤១ឆ្នាំ មុខរបរ​ជាអធិការរងខណ្ឌ៧មករា ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ខណ្ឌព្រែកព្នៅ ដោយចោទប្រកាន់ឈ្មោះ អ៊ូ ពៅ ថាបាន​វាយពួកខ្លួនបណ្តាលឲ្យត្រូវក្បាល និងដងខ្លួន​រងរបួសហើម។

ពាក្យបណ្តឹងបាន​បញ្ជាក់ថា នៅមុនពេលកើតហេតុ ម៉ោងប្រមាណជាជាង​១០ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ជនរងគ្រោះ ឈ្មោះ សេត សឹម និងឈ្មោះ ឌី សារៀម បានទៅសាលាសង្កាត់ពន្សាំង ដោះស្រាយរឿង​ឈ្មោះ យី សុខជា ពាក់ព័ន្ធ​រឿង​លុយកម្រៃជើងសារ ទិញលក់ដីធ្លី​របស់ជនរងគ្រោះ។​

ខណៈដែលជនរងគ្រោះ និងឈ្មោះ យី សុខជា កំពុងតែដោះស្រាយគ្នា​ស្រាប់តែឈ្មោះ អ៊ូ ពៅ ជាអ្នកស្គាល់គ្នាជាមួយឈ្មោះ យី សុខជា ដែលមិនមានជាប់ពាក់ព័ន្ធ ក្នុងរឿងនោះសោះ​បានដើរចូលទៅក្នុងបន្ទប់ ហើយគំរាមកំហែង​ជនរងគ្រោះ ទើបជនរងគ្រោះ​បានយកទូរស័ព្ទថត​រូបឈ្មោះ អ៊ូ ពៅ ក៏ត្រូវឈ្មោះ អ៊ូ ពៅ វាយតែម្តងទៅ។

ពាក់ព័ន្ធ​រឿង​លុយកម្រៃជើងសារ ដែលជនរងគ្រោះឈ្មោះ សេត សឹម និងឈ្មោះ ឌី សារៀម អះអាងថា ពួកគាត់បានលក់ដីមួយកន្លែង ដោយមិនមានឈ្មោះ យី សុខជា ជាអ្នកគក់ជេ​នោះទេ ហើយក្រុមជនរងគ្រោះ ក៏បាន​កាត់​៣ភាគរយនៃថ្លៃដីឲ្យ​ទៅក្រុមនាំ​ម៉ូយមកទិញដីពួកគាត់រួចហើយ ស្រាប់តែលេចមុខ ឈ្មោះ យី សុខជា និងបក្ខពួកឈ្មោះ អ៊ូ ពៅ ទៅទាមទារលុយ​៣ភាគរយទៀត និងបានគំរាមកំហែងពួកគាត់ដល់ផ្ទះ និងរហូតតាមវាយធ្វើបាប ពួកគាត់នៅមុខអាជ្ញធរមានសមត្ថកិច្ចតែម្តង។

ករណីលោក អ៊ូ ពៅ អធិការរងខណ្ឌ៧មករា ទៅវាយ និងគំរាមកំហែង លោកស្រីឌី សារៀម និងប្តី​ដល់ក្នុងសង្កាត់ពន្សាំង លោក ឌិន សារ៉ាតុប អធិការរងខណ្ឌព្រែកព្នៅ ទទួលបន្ទុកព្រហ្មទណ្ឌ បានប្រាប់អ្នកសារព័ត៌មានថា លោកអត់ទាន់ដឹងផង។

ចំណែកលោក នេត ស៊ីថុន អធិការខណ្ឌ៧មករា ក៏អ្នកសារព័ត៌មានមិនទាន់អាចសុំការបញ្ជាក់ពាក់ព័ន្ធករណី លោក អ៊ូ ពៅ ជាកូនចៅរបស់លោក យកអំណាចជាអធិការរង ដើរគំរាមកំហែកពលរដ្ឋ និងវាយដំ​ពលរដ្ឋមិនញញើតច្បាប់ បែបនេះបាននៅឡើយទេ៕​