(ភ្នំពេញ)៖ បន្ថែមពីការឧបត្ថម្ភជាបន្តបន្ទាប់លើការអប់រំ-ស្នាក់នៅនៃកុមាររើសសំរាម នៅថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកាចំនួន ២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) ជូនដល់អង្គការលើកស្ទួយប្រជាពលរដ្ឋ ដើម្បីរួមចំណែកសាងសង់អគារសិក្សាក្នុងគម្រោង ៥ជាន់ សម្រាប់បណ្តុះបណ្តាលកុមាររើសសំរាម និងសិស្ស ដែលបច្ចុប្បន្នមានចំនួន ១,៥០០នាក់ មានទីតាំងស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់អង្គការខាងលើនេះ ជាបន្តបន្ទាប់ ក្នុងនោះការឧបត្ថម្ភសំខាន់ៗមានដូចជា ៖

*បានផ្តល់រថយន្តសម្រាប់ដឹកសិស្សចំនួន ២គ្រឿង ក្នុងឆ្នាំ២០១៤។

*បានឧបត្ថម្ភថវិកា ចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) សម្រាប់ទិញសំលៀកបំពាក់សិស្សចំនួន ១៣០០កំប្លេ ក្នុងឆ្នាំ ២០១៥។

*បានផ្តល់ថវិកាសរុបចំនួន ២៤,១៦០ដុល្លារ (ពីរម៉ឺនបួនពាន់មួយរយហុកសិបដុល្លារអាមេរិក) សម្រាប់បំពាក់សម្ភារ តុ-កៅអី គ្រូ និងសិស្ស និងតុ-កៅអី ផ្ទះបាយ ក្នុងឆ្នាំ ២០១៦ និងឆ្នាំ២០១៧។

*បានផ្តល់ថវិកាចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) សម្រាប់សាងសាង់អគារថ្មីកម្ពស់ ៥ជាន់ ក្នុងឆ្នាំ ២០១៧។

*ផ្តល់អំណោយជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងរៀបចំអាហារដល់កុមារ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កក្រក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ ចំពោះ ក្មួយៗ និងចៅៗកុមារទាំងអស់ ពិសេស ថ្លែងនូវការកោតសរសើរចំពោះ ស្ថាបនិក និងគ្រូ-បុគ្គលិកអង្គការ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កុមារកំព្រា កុមាររស់នៅក្នុងគ្រួសារក្រីក្រ និងរស់នៅក្នុងគ្រួសាររើសសំរាម ឱ្យមានឱកាសទទួលបានសិទ្ធិពេញលេញក្នុងការរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិការពារ និងសិទ្ធិក្នុងការចូលរួមនានា។

ជាមួយគ្នានោះ លោកស្រី នួន ភីមាន ស្ថាបនិកអង្គការ និងក្នុងនាមជាបុគ្គលិក គ្រូ សិស្ស និងអាណាព្យាបាលសិស្ស នៃអង្គការលើកស្ទួយប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលយកចិត្តទុកដាក់ គិតគូរ ជួយឧបត្ថម្ភជាបន្តបន្ទាប់ និងលើកទឹកចិត្តជាច្រើនលើកច្រើនសារ ពិសេសជំរុញក្មួយៗកុមារឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិនាពេលអនាគត៕