(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានដាក់តាំងបញ្ជរ ដើម្បីណែនាំអំពីសេវាការងារ និងឱកាសការងារដល់សាធារណៈជន ក្នុងវេទិកា

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈ ដែលធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ៣កើត និងថ្ងៃសៅរ៍ ៤កើត ខែបឋមសាឍ ឆ្នាំ ច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ២០១៨ បានបើកជាផ្លូវការចាប់ពីម៉ោង៨៖០០ព្រឹកដល់ម៉ោង៨៖០០នាទីយប់ នៅអាគារពិព័ណ៍ពាណិជ្ជកម្មកោះពេជ្រ ក្រោមអធិបតីភាពលោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការចូលរួមពីសាធារណៈជន សិស្ស/និស្សិត ក្រុមហ៊ុន និងគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេសជាច្រើន។

តាមការគ្រោងទុកក្នុងពិព័ណ៌ជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនេះ នឹងមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចូលរួមប្រមាណ៥០ និងមានក្រុមហ៊ុនចូលរួមប្រមាណ៥០ ដាក់តាំងពិព័ណ៍ព្រមជាមួយគ្នានេះផងដែរ ដើម្បីចូលរួមផ្តល់សេវាជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋ សិស្សនិស្សិតទីភ្នាក់ងារជាតិមុខរបរ និងការងារបានដាក់តាំងបញ្ជររបស់ខ្លួនដើម្បីផ្តល់ការព្រឹក្សាការងារ និងណែនាំពីទីផ្សារការងារដល់សាធារណៈជនដែលបានចូលរួមក្នុងវេទិកានេះផងដែរ។

លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងបើកនៅក្នុង « ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី១ ឆ្នាំ២០១៨ » នេះថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ គឺជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពសំខាន់ផ្សេងៗ ទៀតដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងខិតខំផ្តួចផ្តើមសម្របសម្រួល និងរៀបចំឡើងជាមួយ ភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយអំពីភាពចាំបាច់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជូនដល់មហាជន ជាពិសេស ក្មួយៗសិស្សនិស្សិត និងយុវជនយុវនារី ដែលតែងតែមានការបារម្ភអំពីការជ្រើសរើសជំនាញ និងគ្រឹះស្ថានសម្រាប់សិក្សាបន្តក្នុង ការអភិវឌ្ឍជំនាញដែលប្រកបដោយគុណភាព ប្រសិទ្ធភាព ឥរិយាបថការងារ និងសីលធ៌មវិជ្ជាជីវៈ ដើម្បីអាចឈានចូលទៅក្នុងទីផ្សារការងារដោយជោគជ័យ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។

ជាមួយគ្នានេះដែរ ទិវាជាតិនេះ ក៏ជាការប្រមូលផ្តុំនូវភាគីពាក់ព័ន្ធសំខាន់ៗដែលរួមមាន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រុមហ៊ុនឯកជន អង្គការ សមាគមន និយោជក និងវាគ្មិនជំនាញ ដែលនឹងផ្តល់ឱកាសដល់ក្មួយៗ សិស្ស/និស្សិត និងយុវជនយុវនារីបានជួបផ្ទាល់ដើម្បីទទួលបាននូវព័ត៌មាន បទពិសោធន៍ និងមគ្គទេ្ទសអំពីការអប់រំបណ្តុះបណ្តាលជំនាញ ការបង្កើត អាជីព និងជម្រើសការងារសម្រាប់អនាគតរបស់ខ្លួន។

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឬសិស្សនិស្សិតទូទៅដែលចង់ស្វែងរកបញ្ជររបស់(NEA) ដើម្បីទទួលបានព័ត៌មានពីសេវាការងារ ឬមានបំណងដាក់ពាក្យស្វែងរកការងារតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចទៅជួបក្រុមការងារនៅទីនោះផ្ទាល់ ដើម្បីសួរពីព័ត៌មានជុំវិញពីទីផ្សារការងារនៅកម្ពុជា ពិសេសសិស្សនិស្សិតដែលមានបំណងស្វែងរកកន្លែងហាត់ការ និងកម្មសិក្សាក៏អាចចូលទៅសួរព័ត៌មាននៅបញ្ជរNEAបានផងដែរ៕