(បាងកក, ថៃ)៖ បន្ទាប់ពីបានអញ្ជើញដល់ប្រទេសថៃនៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នេះ ទីដឺលនឹងត្រូវអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យ ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ អតីតនាយករដ្ឋមន្រ្តីថៃ និងក្រុមគ្រូសារចូលជួបសំណេះសំណាល និងសំដែងការគួរសម។

ក្នុងជំនួបពិភាក្សានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងអតីតនាយករដ្ឋមន្រ្តីថៃ ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ បានសម្តែងនូវភាពស្និទ្ធស្នាល និងរ៉ាក់ទាក់ ដូចបងប្អូន ព្រោះថ្នាក់ដឹកនាំទាំងពីរ គឺសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ ធ្លាប់បានធ្វើទំនាក់ទំនង និងស្គាល់រាប់អានគ្នារយៈពេលជាង ៣០ឆ្នាំ ក្នុងអំឡុងពេលដែលលោក ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ ជាមេទ័ពជើងគោកថៃក្នុងទសវត្សរ៍៨០ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ជានាយករដ្ឋមន្រ្តីនៃអតីតរដ្ឋកម្ពុជា។

ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានសំដែងការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះតួនាទីយ៉ាងសកម្មរបស់លោក ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ ដែលបានរួមចំណែកដល់ដំណើរការផ្សះផ្សារបង្រួបបង្រួមជាតិ ដំណើរការសន្តិភាព រហូតទទួលបានកិច្ចព្រៀនព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១៕