(ភ្នំពេញ)៖ ការសម្រេចរបស់ ក្រសួងរតនាគារជាតិសហរដ្ឋអាមរិក ទាំងបំពានលើកិច្ចការកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យភាពមួយ ក្រោមការជំរុញរបស់អ្នកនយោបាយអាមេរិកមួយចំនួន ដែលជាចៅហ្វាយនាយ របស់ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ សម រង្ស៊ី និងកឹម សុខា ដោយដាក់រូប លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោមច្បាប់គ្លូប៊ល ប៊ែកនីតស្គី (Global Bagnitsky) បាននិងកំពុងធ្វើឱ្យក្រុមអ្នកនយោបាយឧទ្ទាមខុសច្បាប់ ដែលតែងតែធ្វើនយោបាយប្រជាភិថុតិ បំផ្លាញជាតិ និងបំផ្លាញផលប្រយោជន៍ប្រជាជនមានមោទនភាពភ្លេចខ្លួន និងរហូតដល់និយាយអរគុណអាមេរិក ដែលបានរំលោភបំពានលើកិច្ចការផ្ទៃក្នុង និងប្រព័ន្ធច្បាប់កម្ពុជា។

សន្តានជាក្រុមជនក្បត់ជាតិ និងក្បត់ប្រជាជនរបស់ក្រុម សម រង្ស៊ី និងក្រុម កឹម សុខា ពិតជាមិនខ្វល់ឡើយនូវកិត្តិយសជាតិ ប៉ុន្តែពួកគេពិតជារីករាយឱនក្បាលបម្រើជនបរទេស និងពេញចិត្តយកអធិបតេយ្យភាពជាតិ ទៅដាក់ក្រោមបាតជើងជនបរទេស ឱ្យជនបរទេសជាចៅហ្វាយនាយរបស់ខ្លួន មាក់ងាយប្រជាជាតិខ្មែរក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

ជាស្ថាប័ននៃប្រទេសមហាអំណាចមួយនឹងគេដែរ បែរជាក្រសួងរតនាគារជាតិអាមេរិក ធ្វើសេចក្តីសម្រេចមួយដែលខ្វះវិចារណញ្ញាណ និងបំពានទាំងស្រុងលើឯករាជ្យ អធិបតេយ្យភាពជាតិនៃកម្ពុជា ធ្វើការចោទប្រកាន់ដោយគ្មានភស្តុតាងច្បាស់លាស់ ចំពោះលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តាមការញុះញង់របស់ក្រុមអ្នកនយោបាយរត់ចោលស្រុក និងក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន ដែលមានរបៀបវារៈនយោបាយប្រឆាំងនឹងកម្ពុជា គាំទ្រនូវបុព្វហេតុក្រុមប្រឆាំង ដែលជាកូនចឹងរបស់ខ្លួនបំផ្លាញខ្មែរ។ ទង្វើនេះហាក់ដូចជាការសងសឹកមួយ ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងប្រជាជនខ្មែរ ដែលចៅហ្វាយនាយ បានធ្វើជំនួសឱ្យកញ្ជះនយោបាយរបស់ខ្លួនក្នុងចេតនាបំផ្លាញ នូវកិត្យានុភាពជាតិខ្មែរនៅលើឆាកអន្តរជាតិ និងជាការហុចដងដាវឱ្យក្រុមអ្នកនយោបាយរត់ចោលស្រុកបន្តធ្វើទុក្ខបុកម្នេញ ហែកហួរកម្ពុជា រារាំងដល់ដំណើរឆ្ពោះទៅមុខ ប្រកបដោយភាពវិជ្ជមានលើវិថីសន្តិភាព និងការអភិវឌ្ឍ។ សងសឹកព្រោះថា ខ្លួនមិនអាចជួយស្រោចស្រង់ខ្មោចបក្សសង្គ្រោះជាតិ ឱ្យរស់ឡើងវិញបាន និងមិនអាចជួយឱ្យក្រុមជនក្បត់ជាតិ ១១៨ នាក់បានសិទ្ធិធ្វើនយោបាយវិញ។

អ្វីដែលក្រុមអ្នកនយោបាយអាមេរិក ព្យាយាមចាត់វិធានការ ជាឯកតោភាគីលើឥស្សរជននយោបាយ​ ខ្មែរមកពីគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសចេញពីគំនរផេះផង ឈាមនិងទឹកភ្នែក និងកេរតំណែលអាក្រក់នៃការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញដោយការទម្លាក់គ្រាប់បែកជិត ៣លានតោនរបស់អាមេរិក គឺជាផែនការដ៏អាក្រក់ក្នុងការជួយស្រោចស្រង់ជីវិត ក្រុមជនក្បត់ជាតិរត់ចោលស្រុក និងបន្តរុញឱ្យក្រុមនេះ បំផ្លាញកម្ពុជាតាមផែនការបដិវត្តន៍ពណ៌ដ៏ឆ្កួតលេលារបស់ខ្លួន។ ប៉ុន្តែពួកគេនឹងមិនអាចជួយសង្គ្រោះក្រុមក្បត់ជាតិនេះបានឡើយ ព្រោះពួកគេមិនត្រូវបានប្រជាជនស្វាគមន៍ ហើយកម្ពុជាក៏មិនត្រូវការមនុស្សកញ្ជះបរទេសដូចក្រុម សម រង្ស៊ី និងកឹម សុខា នេះដែរ! ពួកគេនឹងបន្តបរាជ័យកាន់តែខ្លាំង ថែមទៀត និងកាន់តែអាម៉ាសខ្លាំងថែមទៀត ដែលមិនអាចធ្វើអ្វីកម្ពុជាកើត ឬបំផ្លាញកម្ពុជាតាមចិត្តចង់ដូច ដែលពួកគេបានធ្វើមកលើកម្ពុជាកាលពីអតីតកាលជាមួយសេនាប្រមុខលន់ នល់ និងទ្រង់សិរិមតៈ។

ពលរដ្ឋខ្មែរពិតជាចាំមិនភ្លេចឡើយ បណ្តាំប្រវត្តិសាស្ត្រពីអតីតកាលដែលមេគំនិតរដ្ឋប្រហារទម្លាក់សម្តេចឪ នរោត្តម សីហនុ ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានបង្ហាញនូវវិប្បដិសារី ស្តាយក្រោយជាទីបំផុត ដែលបានជឿលើអាមេរិកគ្រប់បែបយ៉ាង។ ចំណែកសេនាប្រមុខ លន់ នល់ បានត្រឹមសម្រក់ទឹកភ្នែកស្តាយក្រោយ ដែលទុកចិត្តលើអាមេរិកពេក ហ៊ានបំផ្លាញខ្មែរ ហើយចុងក្រោយ លន់ នល់ បានត្រឹមចោលឆ្អឹងនៅលើដីចៅហ្វាយនាយខ្លួន ហើយទាញកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាមរាប់សិបឆ្នាំទើបបញ្ចប់បាន។ ឥឡូវនេះ ក្រុមជនក្បត់ជាតិរត់ចោលស្រុកមួយក្តាប់តូច បាននិងកំពុងដើរជាន់ដានប្រវត្តិសាស្ត្រចាស់ ជឿលើអ្នកនយោបាយអាមេរិក ញុះញង់ឱ្យអាមេរិក និងក្រុមជនបរទេសដែលជាសម្ព័ន្ធមិត្រ ក្នុងក្រុមអ្នកនយោបាយប្រឆាំងរបស់ខ្លួន ញុះញង់រដ្ឋាភិបាលនៃប្រទេសពួកគេ បំផ្លាញជាតិនិងប្រជាជនកម្ពុជា បំផ្លាញកេរ្តិ៍ឈ្មោះខ្មែរសព្វបែបយ៉ាង ដើម្បីមហិច្ឆតាអំណាចដែលពួកគេបានត្រឹមតែដេកស្រម៉ៃពីបរទេសតែប៉ុណ្ណោះ។ ចុងក្រោយ វាសនារបស់ក្រុមជនក្បត់ជាតិដែលមានទណ្ឌិត សម រង្ស៊ី ដឹកមុខ នឹងមិនខុសពីវាសនាឪពុកខ្លួន សម សារី ឬលន់ នល់ ដែលត្រូវរត់ចោលស្រុក ស្លាប់ចោលឆ្អឹងនៅក្រៅប្រទេសឡើយ ហើយពួកគេនឹងមានវិប្បដិសារីដូចព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងមានឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រជាតិខ្មែរ ក្នុងនាមជាជនក្បត់ជាតិ ឃុបឃិតជាមួយបរទេសបំផ្លាញ ជាតិសាសន៍ឯងឡើយ។

ស្ថិតក្នុងរបៀបវារៈនយោបាយច្បាស់លាស់គឺបំផ្លាញកម្ពុជា និងជាពិសេសត្រៀមបំផ្លាញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ខាងមុខ ក្រុមអ្នកនយោបាយអាមេរិក ដែលជាចៅហ្វាយនាយក្រុមជនក្បត់ជាតិ សម រង្ស៊ី កឹម សុខា នឹងមិនបញ្ឈប់បញ្ជីការដាក់ទណ្ឌកម្មជាឯកតោភាគីប្រឆាំងនឹង ឥស្សរជនខ្មែរនៅត្រឹមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ឡើយ គឺច្បាស់ណាស់ពួកគេនឹងធ្វើតាមការ ញុះញង់របស់ក្រុមប្រឆាំងខ្មែរ និងអង្គការសង្គមស៊ីវិលមួយចំនួនទៀតដែលបានធ្វើការចោទប្រកាន់ទាំងងងើល គ្មានមូលដ្ឋានប្រឆាំងនឹងកម្ពុជា។ សំណុំរឿងទាំងនេះគឺពិតជាមិនធ្វើឱ្យពលរដ្ឋខ្មែរភ្ញាក់ផ្អើលឡើយ ប៉ុន្តែពលរដ្ឋខ្មែរភ្ញាក់ផ្អើលនឹងទង្វើប្រទេសស៊ីវិល័យមួយ ដែលត្រូវបានគេលើកតម្កើងថាជាបិតាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ បែរជារំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលរដ្ឋជាសមាជិកគ្មានសិទ្ធិជ្រៀត ជ្រែកលើកិច្ចការផ្ទៃក្នុងរដ្ឋមួយទៀត។ ពលរដ្ឋខ្មែរពិតជាបានដឹងច្បាស់ថា ហេតុអ្វីបានជាក្រុមអ្នកនយោ
បាយអាមេរិកប៉ុន្មាននាក់ ព្យាយាមហែកកកាយផ្ទៃក្នុងកម្ពុជា និងព្យាយាមមិនរំឮកឡើងវិញនូវភាពអាម៉ាស់ របស់ខ្លួនដែលបានបង្កើតសោកនាដកម្ម រាប់មិនអស់ដល់ពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាទាំងមូលតាមរយៈ ការទម្លាក់គ្រាប់បែកស្រោចលើក្បាលពលរដ្ឋខ្មែរ? ពួកអ្នកនយោបាយទាំងនោះ នឹងមិនហ៊ាននឹកគិតទេ ប៉ុន្តែពួកគេនៅតែបន្តអនុវត្តនយោបាយចាស់របស់ខ្លួនជានិច្ចគឺព្យាយាមធ្វើឪកម្ពុជា។

អ្វីដែលអ្នកនយោបាយអាមេរិក និងក្រុមអ្នកនយោបាយខ្មែរប្រឹងប្រែងធ្វើនៅពេលនេះ គឺមានទិសដៅតែមួយគត់គឺពួកគេព្យាយាមបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា បំបែកបំបាក់ជាតិកម្ពុជា ហើយចាប់ផ្តើមដំបូង គឺព្យាយាមបំបែកបំបាក់ទឹកចិត្តក្នុងជួរកងទ័ព និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីងាយស្រួលឱ្យពួកគេអនុវត្តផែនការក្បត់ជាតិ ព្រោះផែនការនេះត្រូវបានបរាជ័យម្តងរួចមកហើយ នៅក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៣ និងត្រូវបានវាយបំបែកទាំងស្រុងនូវអង្គការចាត់តាំងនយោបាយផ្នែកបដិវត្តន៍ពណ៌នេះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ តាមរយៈសាលដីកាតុលាការកំពូលរំលាយ គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែទង្វើប្រមាថជាតិខ្មែរ និងការព្យាយាមបំបែកស្មារតី សាមគ្គីជាតិខ្មែរដោយផ្តើមពីការធ្វើសង្គ្រាមចិត្តសាស្ត្រលើកងកម្លាំងប្រដាប់អាវុធ នេះពិតជានឹងគ្មានប្រសិទ្ធភាពឡើយ ប៉ុន្តែតាមរយៈការសម្រេចរបស់អាមេរិកជាឯកតោភាគី បំពានលើអធិបតេយ្យភាពកម្ពុជានេះ នឹងកាន់តែធ្វើឱ្យកងកម្លាំង ប្រដាប់អាវុធកម្ពុជាកាន់តែរឹងមាំ និងពោរពេញដោយសាមគ្គីភាពកាន់តែខ្លាំងឡើង ដើម្បីបន្តការពារនូវឯករាជភាព អធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជាឱ្យបានគង់វង្ស។

ការញុះញង់បំបែកបំបាក់ជាតិពីសំណាក់ក្រុមក្បត់ជាតិ ខ្លួនឯងមួយក្តាប់តូចពីបរទេស និងការប្រមាថរបស់ចៅហ្វាយនាយពួកគេមកលើ កម្ពុជា ធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ និងប្រឈមគ្រប់ឧបសគ្គទាំងអស់ដើម្បីការពារ តម្លៃជាតិខ្មែរប្រឆាំងនឹងការប្រមាថរបស់បរទេស។ វរកងទ័ពកម្ពុជាជាឆ្មាំការពារជាតិ និងប្រជាជន ប្រឆាំងនឹងការឈ្លានពាន និងការជ្រៀតជ្រែកបរទេស និងការពារភាពស្របច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ការពាររដ្ឋធម្មនុញ្ញ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ គ្រប់កាលៈទេសៈ ប្រជាជនកម្ពុជាតម្កល់ផល ប្រយោជន៍ជាតិជាធំ សាមគ្គីភាពជាធ្លុងមួយ លើកតម្លៃជាតិ កិត្យានុភាពជាតិខ្មែរឱ្យខ្ពស់ជានិច្ច។ គ្មានជនណាម្នាក់ បរទេសណាមួយបំបែកបំបាក់ជាតិខ្មែរបានឡើយ ទោះជាពួកគេខិតខំព្យាយាមយ៉ាងណាក៏ដោយ។

ប្រវត្តិសាស្ត្របានបង្រៀនប្រជាពលរដ្ឋខ្មែរច្បាស់ណាស់ទៅហើយថា អាមេរិកមិនបានជួយកម្ពុជាដោយស្មោះត្រង់នោះឡើយ ហើយបង្កប់ដោយផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងការតាំងខ្លួនជាឪរបស់កម្ពុជា។ ប៉ុន្តែអាមេរិកអាចជាឪរបស់ក្រុមអ្នកនយោបាយរត់ចោលស្រុកដូចជាសម រង្ស៊ី ជាដើម ប៉ុន្តែមិនមែនជាឪកម្ពុជាឡើយ។ កម្ពុជាជាសមាជិកអង្គការសហប្រជាជាតិ ជារដ្ឋអធិបតេយ្យ មានទំនាក់ទំនងដោយស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសផ្សេងទៀតរាប់ទាំងអាមេរិក។

កម្ពុជាពិតជាសោកស្តាយដែលមានជនជាតិខ្លួនមួយក្តាប់តូចវង្វេងជាតិ លក់ខ្លួនឱ្យបរទេសដូចក្រុម សម រង្ស៊ី និងកឹម សុខា ជាដើម ប៉ុន្តែទោះយ៉ាងណា ប្រជាជាតិខ្មែរមួយនេះមិនញញើតនឹងក្រុមជនអគតិនិងក្រុមអ្នកនយោបាយរត់ចោលស្រុក ឬក្រុមបរទេសណាមួយឡើយ ព្រោះកម្ពុជាមានបទពិសោធជាច្រើនរាប់មិនអស់កាលពីអតីតកាលរងគ្រោះយ៉ាងអយុត្តិធម៌ពីសម្បាធនយោបាយ និងគំនាបសេដ្ឋកិច្ច។ កម្ពុជាពេលនេះគឺជាកម្ពុជាពោរពេញដោយសន្តិភាព និងការអភិវឌ្ឍ ហើយកើតចេញពីបាតដៃជនជាតិខ្មែរ ដែលទាំងអស់គ្នាត្រូវថែរក្សាឱ្យគង់វង្ស និងមិនអនុញ្ញាតឱ្យបរទេសណាបំផ្លាញខ្មែរក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទៀតឡើយ។ សម រង្ស៊ី និងគូកនរបស់ខ្លួនដែលជឿងប់ងុលលើអាមេរិក និងបរទេសផ្សេងទៀតថាអាចបំផ្លាញកម្ពុជាដើម្បីជួយស្រោចស្រង់ជីវិតនយោបាយខ្លួនបាននោះគឺពិតជាការយល់សប្តិទាំងថ្ងៃ ហើយ សម រង្ស៊ី គ្រាន់តែជាស្លឹកចេក និងក្លាយជាទ្រង់សិរិមតៈទី២ ក្នុងនយោបាយចាស់របស់អាមេរិកប៉ុណ្ណោះ៕

ដោយ៖ ចៅចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៨