(ពោធិ៍សាត់)៖ ខណៈពេលដែលខ្មែរឥស្លាមកំពុងបួសតមអាហារ ដើម្បីបំពេញកាតព្វកិច្ចទាំង៥ ក្នុងរយៈពេលមួយក្នុងមួយឆ្នាំនោះ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំប្រតិភូ ជួបសំណេះសំណាល និងសួរសុខទុក្ខខ្មែរឥស្លាមជាង២០០នាក់ ក្នុងពិធីអាហារស្រាយបួសរាម៉ាឌន នៅវិហារភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។

ក្នុងឱកាសនោះ លោក ភោង សុះ ហាកឹម បានឲ្យដឹងថា អាហារស្រាយបួសនេះ មានតែមួយខែក្នុងមួយឆ្នាំ សម្រាប់ឲ្យជនមូស្លឹមគ្រប់ៗរូប អនុវត្តន៍កាតព្វកិច្ចទាំង៥របស់ខ្លួន គឺត្រូវតមអាហារ មិននិយាយស្តីអាក្រក់ មិនឲ្យប៉ះពាល់អារម្មណ៍អ្នកដទៃ ធ្វើតែអំពើល្អ ស្មើភាព គ្មានការរើសអើង គ្មានការច្រណែន ធ្វើយ៉ាងណាឲ្យបរិយាកាសក្នុងសង្គមគ្រួសារ និងសង្គមជាតិកាន់តែមានទំនាក់ទំនងល្អជិតសិទ្ធិ និងចេះរួមរស់នៅជាមួយគ្នា។

ថ្លែងនៅក្នុងពិធីសំណេះសំណាលនោះ លោក ម៉ៅ ធនិន បានសម្តែងការអបអរសាទរយ៉ាងខ្លាំង ដល់ខ្មែរឥស្លាមទាំងអស់ ជាពិសេសខ្មែរឥស្លាម ភូមិបន្ទាយដី ដែលជានិច្ចកាលតែងតែប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់សាសនារបស់ខ្លួនរហូតមក។ លោកបន្តថា មានតែក្នុងរបប ប៉ុល ពត មួយប៉ុណ្ណោះ ដែលគ្មានសាសនាអ្វីទាំងអស់ ទើបតែក្រោយថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ គ្រប់សាសនាបានរស់រានមានឡើងវិញ រហូតមកដល់សព្វថ្ងៃ។

ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលខេត្ត លោកបានអំពាវនាវដល់ខ្មែរឥស្លាមទាំងអស់ បន្តថែរក្សាការពារសមិទ្ធផលរបស់សាសនា និងសង្គមជាតិកើតមានសព្វថ្ងៃឲ្យបានគង់វង្សយូរអង្វែង ទៅដល់កូនចៅជំនាន់ក្រោយៗ និងអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕