(ភ្នំពេញ)៖ ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ជាបន្ទាន់មួយ ដោយប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើរបស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្ម លើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

សេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន បានសរសេរបញ្ជាក់ថា អ្វីដែលអាមេរិកធ្វើនេះគឺជាការបំពានអធិបតេយ្យនៃប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ និងសូមរិះគន់ដោយត្រង់ៗចំពោះវិធានការដោយខ្វះវិចារណញ្ញាណ និងជាអំពើបំពានទាំងកម្រោងឥតអៀនខ្មាស់​ របស់សហរដ្ឋអាមេរិកមួយនេះ។ សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍៖

សេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក បានចេញនូវសេចក្តីសម្រេចមួយដាក់ពហិកាមកលើរូប ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស ហើយអាមេរិក នឹងមិនផ្តល់ទិដ្ឋាការឱ្យចូលទៅកាន់ សហរដ្ឋអាមេរិក ព្រមទាំងបង្កកទ្រព្យសម្បត្តិរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទៀត។

ខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការថ្កោលទោសចំពោះវិធានការរបស់អាមេរិកនេះ ដែលធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន មកលើរូប ឯកឧត្តម នាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង ថែមជាអ្នកប្រតិបត្តិច្បាប់ដ៏ហ្មត់ចត់ និងជាអ្នកអនុវត្តន៍កាតព្វកិច្ចដ៏ថ្លៃថ្នូរ នៅក្នុងការការពារស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមកម្ពុជា ដែលស្ថានភាពនេះកំពុងតែរីកចម្រើនជាទីគាប់ប្រសើរ។

អ្វីដែលអាមេរិកធ្វើនេះ គឺជាការបំពានអធិបតេយ្យនៃប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ។ ហើយម្យ៉ាងទៀត គួរតែសួរទៅអាមេរិកវិញដែរថា ចុះការដែលកងទ័ពអាមេរិកមកសម្លាប់ជនជាតិកម្ពុជារាប់លាននាក់កាលពីទសវត្សឆ្នាំ១៩៧០ ដែលគ្រាប់បែកនៅតែរកឃើញរហូតមកដល់សព្វថ្ងៃនោះ តើនេះមិនមែនជាការរំលោភសិទ្ធិមនុស្សពីសំណាក់អាមេរិកទេឬ។

ខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមរិះគន់ដោយត្រង់ៗចំពោះវិធានការដោយខ្វះវិចារណញ្ញាណ និងជាអំពើបំពានទាំងកម្រោង ឥតអៀនខ្មាសរបស់សហរដ្ឋអាមេរិកមួយនេះ៕