(តាកែវ)៖ បន្ទាប់ពីប្រជាពលរដ្ឋចំនួន៥៦គ្រូសារ ដែលរស់នៅអមសងខាងផ្លូវជាតិលេខ២ កែងផ្លូវលេខ២៤ និងផ្លូវលេខ២៩ កាលពីពេលថ្មីៗនេះ បាននាំគ្នាសសេរលិខិតទៅលោករដ្ឋមន្រ្តី ជា សុផារ៉ា ដោយប្ដឹងលោកប្រធានសូរិយោដីក្រុងដូនកែវ ហ៊ួត ប៊ុនលីម ពាក់ព័ន្ធការចេញប្លង់កម្មសិទ្ធិមិនប្រក្រតី លើដីផ្លូវសាធារណៈមួយកន្លែង ទៅឲ្យថៅកែសាំងម្នាក់នៅក្នុងក្រុងដូនកែវនោះ ស្រាប់តែនៅ ពេលនេះលោក ហ៊ួត ប៊ុនលីម ដែលជាមន្រ្តីសាធារណៈ បានដាក់ពាក្យបណ្ដឹងប្រជាពលរដ្ឋ៥នាក់ ក្នុងចំណោម៥៦នាក់ ទៅតុលាការខេត្តតាកែវ ដោយចោទប្រកាន់ប្រជាពលរដ្ឋ ទាំង៥នាក់នេះថាបាន «បរិហាបង្កាច់កេរ្តិ៍»។

យោងតាមដីកាកោះដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ព្រះរាជអាជ្ញារង ទេព មនិន្ទ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញដីកាកោះហៅប្រជាពលរដ្ឋចំនួន៥នាក់ ដែលជាជនសង្ស័យឲ្យចូលមកអយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីសាកសួរពីដំណើររឿង «បរិហាបង្កាច់កេរ្តិ៍»។

ក្រៅពីបានកោះហៅជនសង្ស័យទាំង៥នាក់ ព្រះរាជអាជ្ញារង ទេព មនិន្ទ ក៏បានចេញដីកាកោះហៅលោក ហ៊ួត ប៊ុនលីម ប្រធានសូរិយោដីក្រុងដូនកែវ ដែលជាដើមបណ្ដឹកមកសាសួរនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ផងដែរ។

ពាក់ព័ន្ធទៅ និងការដាក់ពាក្យបណ្ដឹងរបស់លោក ហ៊ួត ប៊ុនលីម ប្រធានសូរិយោដីក្រុងដូនកែវ ប្ដឹងប្រជាពលរដ្ឋទៅតុលាការពីរឿងបរិហាកេរ្តិ៍នេះ អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ ព្រះរាជអាជ្ញារង ផាន់ សុភ័ក្រ បានថ្លែងថា សំណុំរឿងនេះលោកមិនបានដឹងថា លោកប្រធានសូរិយោដី ប្ដឹងទាមទាជំងឺចិត្តប៉ុន្មាននោះទេ ព្រោះអ្នកកាន់សំណុំរឿងនេះជាប់ទៅប្រជុំនៅភ្នំពេញ។

សូមបញ្ជាក់ថា បន្ទាប់ពីលោក ហ៊ួត ប៊ុនលីម បានប្ដឹងប្រជាពលរដ្ឋទៅតុលាការខេត្តតាកែវ ពីបទបរិហាបង្កាច់កេរ្តិ៍ ក្រុមប្រជាពលរដ្ឋទាំង៥នាក់ខាងលើ ក៏បានផ្ញើដីកាកោះរបស់តុលាការ និងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលបានផ្ញើទៅលោករដ្ឋមន្រ្តី ជា សុផារ៉ា ទៅកាន់ផេករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយពួកគេស្នើសុំឲ្យសម្ដេចជួយរកយុត្តិធម៌ដល់ពួកគេ ដែលត្រូវលោក ហ៊ួត ប៊ុនលីម ប្រធានសូរិយោដីក្រុងដូនកែវ បានយកមុខតំណែងដែលបំរើប្រជាពលរដ្ឋ មកប្ដឹងប្រជាពលរដ្ឋ ដោយគ្រាន់តែប្រជាពលរដ្ឋរិះគន់ និងប្ដឹងទៅថ្នាក់លើរបស់ខ្លួន។

ក្រៅពីស្នើសុំឲ្យសម្ដេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ ប្រជាពលរដ្ឋខាងលើ ក៏បានស្នើសុំឲ្យលោករដ្ឋមន្រ្តី ជា សុផារ៉ា ពិនិត្យមើលសកម្មភាពរបស់លោក ហ៊ួត ប៊ុនលីម ផងដែរ ពាក់ព័ន្ធទៅនិងការដាក់ពាក្យបណ្ដឹងប្រជាពលរដ្ឋទៅតុលាការនេះ ព្រោះវាជាគំរូអាក្រក់ ដែលមន្រ្តីសាធារណៈប្ដឹងប្រជាពលរដ្ឋទៅតុលាការ គ្រាន់តែប្រជាពលរដ្ឋរិះគន់ភាពអវិជ្ជមានរបស់ខ្លួន។

ការប្ដឹងទៅតុលាការពីសំណាក់លោកប្រធានសូរិយោដីក្រុងដូនកែវ បានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋ៥៦គ្រួសារ ដែលរស់នៅអមសងខាងផ្លូវជាតិលេខ២ កែងផ្លូវលេខ២៤ និងផ្លូវលេខ២៩ ស្ថិតនៅក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បាននាំគ្នាផ្ដិតមេដៃប្ដឹងលោក ហ៊ួត ប៊ុនលីម ប្រធានភូមិបាលក្រុងដូនកែវ ទៅលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពាក់ព័ន្ធការចេញប្លង់កម្មសិទ្ធិមិនប្រក្រតីលើដីសាធារណៈរបស់រដ្ឋ ឲ្យថៅកែសាំងក្នុងខេត្តតាកែវ ឈ្មោះ ណុប ម៉ារីយ៉ាន អាយុ៥០ឆ្នាំ និងប្ដីឈ្មោះ នួន ផុន អាយុ៥៣ឆ្នាំ។

យោងតាមពាក្យបណ្ដឹងទៅលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា ក្រុមប្រជាពលរដ្ឋទាំង៥៦គ្រូសារ បានអះអាងថា ដីដែលលោកប្រធានភូមិបាលក្រុងដូនកែវ ចេញប្លង់កម្មសិទ្ធិនេះ ត្រូវបានលោកចៅសង្កាត់ រកាក្រៅ ធ្វើលិខិតបញ្ជាក់អះអាងថា ជាដីសាធារណៈរបស់រដ្ឋ និងមានប្រព័ន្ធលូទឹកស្អុយហូខ្វាត់ខ្វែង ពីផ្ទះប្រជាពលរដ្ឋចូលមកក្នុងលូដីសាធារណៈនេះ។

ម្យ៉ាងទៀត ដីសាធារណៈនៅចំណុចនេះ ត្រូវបានអភិបាលខេត្តមុនៗ បានបដិសេធមិនឲ្យមានការចេញប្លង់កម្មសិទ្ធិថែមទៀតផង។ បន្ទាប់ពីប្រជាពលរដ្ឋបានប្ដឹងទៅក្រសួង លោករដ្ឋមន្រ្តី ជា សុផារ៉ា បានផ្ញើលិខិតមួយច្បាប់ជូនលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ ឲ្យឆ្លើយបំភ្លឺមកក្រសួង ចំពោះករណីពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនេះដែរ៕