(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា គ្រប់មន្ទីរអង្គភាពទាំងអស់ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះការងារក្នុងអង្គភាពរបស់ខ្លួន ជាពិសេសត្រូវមានវិធានការ ចំពោះបទល្មើសនានា ក្នុងវិស័យរបស់ខ្លួននៅក្នុងខេត្ត។

លោកថា កន្លងមកចំពោះបទល្មើសនានា ជាពិសេសពាក់ព័ន្ធនឹងព្រៃឈើ ជលផល និងដីធ្លីជាដើម គឺខេត្តបានមានវិធានការទប់ស្កាត់ និងបង្រ្កាបជាហូរហែរដូចភ្លៀងរលឹម មិនរាថយឡើយ។ ពោលគឺមិនឲ្យបទល្មើសដែលមានលក្ខណៈទ្រង់ទ្រាយធំកើតមានទេ ហើយសម្រាប់ទ្រង់ទ្រាយតូចៗ គឺខេត្តបាននឹងកំពុងទប់ស្កាត់ជាបន្តបន្ទាប់។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានជំរុញឲ្យមន្ត្រីមួយចំនួន ដែលពាក់ព័ន្ធនឹងបទល្មើសនានា ត្រូវដកខ្លួនចេញជាបន្ទាន់។

លោកបានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។

ចំពោះការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសនានា លោកអភិបាលខេត្ត សូមស្វាគមន៍ និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ផ្តល់ព័ត៌មាននេះមករដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ដើម្បីចាត់វិធានការទប់ស្កាត់ និងការបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។ លោកបានបន្ថែមទៀតថា ការបង្ក្រាបបទល្មើសនេះត្រូវធ្វើឲ្យមានលក្ខណៈទន់ភ្លន់ យើងមិនត្រូវដុតឲ្យខ្លោច រោចឲ្យឆៅនោះទេ ហើយក៏កុំកន្ទេលធំបន្លំដេកដែរ គឺត្រូវអនុវត្តតាមនីតិវិធីច្បាប់ រួមនឹងវិធានការដ្ឋបាលផងដែរ ដូចជាការអប់រំណែនាំ និងធ្វើកិច្ចសន្យាជាដើម។

ក្នុងកិច្ចប្រជុំនោះដែរ លោក​ សុខ លូ បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុង មុននិងក្រោយការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រអាណត្តិទី៦នេះ រួមទាំងការទប់ស្កាត់សកម្មភាពបង្កចលាចលនៅមូលដ្ឋានផងដែរ។ ជាមួយនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបង្ករលក្ខណៈងាយស្រួលដល់ គណបក្សនយោបាយនានា ក្នុងការធ្វើសកម្មភាពនយោបាយរបស់ខ្លួនដោយស្របច្បាប់ និងស្របតាមគោលការណ៍ការណែនាំរបស់ គ.ជ.ប។

លោកក៏បានផ្តាំផ្ញើឲ្យអភិបាលក្រុងស្រុក និងមន្ទីជំនាញពាក់ព័ន្ធ ត្រូវខិតខំការពារធនធានធម្មជាតិ មានព្រៃឈើ ធនធានជលផល និងទប់ស្កាត់ការរំលោភទន្ទ្រានដីព្រៃនានាឲ្យមានប្រសិទ្ធិភាព និងបន្តថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរថែមទៀត។

ជាមួយគ្នានេះ ក៏ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានប្រសើរឡើងថែមទៀតផងដែរ ព្រោះយើងជាមន្ត្រីបម្រើប្រជារាស្ត្រ មិនជាចៅហ្វាយនាយរបស់រាស្ត្រនោះទេ៕