(ភ្នំពេញ)៖ លោកយាយ ឃឹម ជា ស្រ្តីខ្មែរដែលបានឡើងបង្ហូតទង់ជាតិកម្ពុជា នៅលើប្រាសាទព្រះវិហារ នាឆ្នាំ១៩៦៣ បន្ទាប់ពីខ្មែរឈ្នះក្តីជាមួយប្រទេសថៃ បានទទួលមរណភាពហើយ នៅជន្មាយុ៨០ឆ្នាំ ក្នុងទឹកដីខេត្តកំពង់ធំ។

ពុំមានព័ត៌មានណាមួយបញ្ជាក់ថា ហេតុអ្វីបានជា លោកយាយ ឃឹម ជា ត្រូវបានប្រគល់តួនាទីដ៏ឧត្តុងឧត្តមនេះ ជូនដល់គាត់ជាតំណាងពលរដ្ឋ ឬស្រ្តីខ្មែរទូទាំងប្រទេសនៅពេលនោះឡើយ តែមានមតិខ្លះបាននិយាយថា មកពីលោកយាយ កាលពេលនោះជាអ្នកគ្រូបង្រៀន ជាប្រធានយុវន្ត ដែលមានរូបឆោមល្អឯក ដែលមនុស្សម្នាក្នុងភូមិស្រុកជាមួយជាពិសេសប្រុសៗ សសើមិនដាច់ពីមាត់។

លោកស្រី រស់ សុភារ៉ាវី ជាកូនបង្កើតរបស់លោកយាយ ឃឹម ជា និងជាភរិយារបស់លោក ទួន ស៊ីផាន់ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានសម្តែងភាពក្តុកក្តួល នៅឯពិធីបុណ្យសពនៅកណ្តាលក្រុងកំពង់ធំនៅថ្ងៃអង្គារ៍នេះ។

មេដឹកនាំកំពូលរបស់កម្ពុជាពីររូប គឺអតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លងកាត់នូវជម្លោះរ៉ាំរ៉ៃ និងឈឺចាប់ជាទីបំផុត ជាមួយប្រទេសថៃ ជុំវិញជម្លោះប្រាសាទព្រះវិហារ ដែលបានកើតឡើងលើកទីមួយ នៅទសវត្សន៍ឆ្នាំ១៩៥០ និងលើកទី២នៅឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៣។

ទោះជាកម្ពុជាស្ថិតក្នុងស្ថានភាពលំបាក និងតឹងតែងយ៉ាងណាក៏ដោយ លទ្ធផលឈ្នះក្តីក្តាំលើជម្លោះទាំងពីរលើករបស់កម្ពុជា ទៅលើភាគីថៃបានបង្ហាញពីសមត្ថភាពដឹកនាំ និងភាពឈ្លះវៃដ៏អស្ចារ្យរបស់ឥស្សរជនខ្មែរទាំងពីររូប៕